ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោមនៅកម្ពុជា

8

ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា សហរដ្ឋអា មេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោមនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងនាមតំណាង រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានអរគុណចំពោះចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងបានទទួលស្គាល់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះអាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ក្នុងនាមតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្នើសុំការពង្រឹងជំនួយដោយផ្ទាល់រវាងប្រទេសទាំងពីរសម្រាប់វិស័យសកម្មភាពមីន ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។
លោក Stanley L. Brown បានកោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំ និងរួមចំណែករបស់កម្ពុជា ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ហើយសហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ផងដែរ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង