សម្តេចបវរធិបតី៖យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ កុំទៅរិះរកវិធី វាយប្រហារគេ ឬរកចំណុចខ្សោយ គេ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាន នោះទើបជាតិយើងទទួលបានជោគជ័យ ពោលគឺប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ កុំទៅរិះរកវិធីក្នុងការវាយប្រហារគេ ឬរកចំណុចខ្សោយ រិះគន់គេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងសាមគ្គីភាព និងប្រឹងប្រែងផលិត ច្នៃប្រឌិតបង្កើតថ្មី ហើយផ្សព្វផ្សាយឱ្យបានច្រើននូវអ្វីដែលខ្លួនមាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
សម្តេចមានប្រសាសន៍ថា ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? ព្រោះ ផ្នត់គំនិត គឺជាកត្តាកំណត់ពីសកម្មភាព។ ការគិត ឬការឆ្លើយតបបែបវិជ្ជមាន និងអវិជ្ជមាន គឺខុសគ្នា និងទទួលបានផលខុសគ្នា។
ជាក់ស្តែងសម្តេចបានលើកឡើងពាក់ព័ន្ធនឹងរឿងវប្បធម៌ ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាន នឹងមិនធ្វើអ្វីនោះទេ ហើយចាំតែស្រែក យំ និងបន្ទោសគេថាចង់បានតែរបស់យើង ក៏ដូចជាបន្ទោសជាតិសាសន៍ខ្លួនឯង ថាមិនចេះថែរក្សា។ ដោយឡែកអ្នកដែលមានផ្នត់គំនិតបែបវិជ្ជមាន គេនឹងមិនយំស្រែក តែគេធ្វើសកម្មភាពផ្សេងៗរួមគ្នាលើកតម្កើងវប្បធម៌ ធ្វើឱ្យរឹងមាំ និងផ្សព្វផ្សាយទៅខាងក្រៅ។ ជាមួយគ្នានេះ ប្រសិនបើឃើញប្រទេសគេ អាចផលិតរ៉ូបូត មិនគួរយំស្រែក ឬបន្ទោសប្រព័ន្ធអប់រំរបស់យើងនោះទេ គួរតែរួមគ្នាកសាងប្រព័ន្ធអប់រំ កសាងអភិវឌ្ឍន៍សាកលវិទ្យាល័យ ដែលថ្ងៃក្រោយយើងនឹងអាចកសាងធនធានមនុស្ស អាចផលិតរ៉ូបូត ឬក៏អាចឡើងធ្វើជាយានអវកាសយាននិកបានផងដែរ។
សម្តេចមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើយើងប្រកួតប្រជែងជាមួយគេ កុំទៅអង្គុយវាយប្រហារគេ កុំទៅអង្គុយរកចំណុចខ្សោយរិះគន់គេ មើលខ្លួនឯងពង្រឹងខ្លួនឯង។ កុំទៅអង្គុយនិយាយថា គេលួចរបស់យើង គឺអត់ទេ ត្រូវនាំគ្នាថតផ្សព្វផ្សាយរបស់យើងឱ្យបានច្រើន នេះហើយគឺហៅថា គំនិតវិជ្ជមាន ។ គំនិតវិជ្ជមាននេះ ធ្វើឱ្យយើងធ្វើសកម្មភាពវិជ្ជមាន»។
សម្តេចបន្ថែមថា «យុវជនត្រូវមានទស្សនវិជ្ជមានបែបនេះ បើខ្លាចបាត់កុំទៅអង្គុយយំ កុំទៅអង្គុយជេគេ ត្រូវមករួមគ្នាមកពង្រឹងខ្លួនឯង ថែរក្សាសាមគ្គីឯកភាពជាតិខ្លួនឯង កុំឱ្យ បាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ សិល្បៈ រួមគ្នាផ្សព្វផ្សាយ គាំទ្រ។ យើងមានទស្សនវិជ្ជមានធ្វើឱ្យយើងជោគជ័យ»៕