ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់អះអាងថា ក្រុមហេសបូឡា ជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូន លើផ្ទះនាយករដ្ឋមន្រ្តីអ៉ីស្រាអែល

11

តេហេរ៉ង់៖កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បេសកកម្មអ៉ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយថា ក្រុមហេសបូឡាលីបង់ ដែលមានអ៉ីរ៉ង់ផ្ទាល់ជាខ្នងបង្អែក គឺជាអ្នកពីក្រោយ ការវាយប្រហារដោយយន្តហោះដ្រូនលើ ផ្ទះរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ឆ្លើយតបនឹងសំណួរថា តើអ៉ីរ៉ង់មានពាក់ព័ន្ធក្នុងការវាយប្រហារនោះដែរឬអត់ បេសកកម្ម UN របស់ទីក្រុងតេហេរ៉ង់ បាននិយាយដូច្នេះថា «សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហេសបូឡាលីបង់»។ លោក Netanyahu ក៏បានចោទប្រកាន់ក្រុមហេសបូឡាផងដែរ អំពីការព្យាយាមធ្វើឃាតរូបលោក។ កាលពីថ្ងៃសៅរ៍ ការិយាល័យលោក Netanyahu បានឱ្យដឹងថា ដ្រូន១គ្រឿង ដែលហោះមកពីប្រទេសលីបង់ បានវាយប្រហារលើផ្ទះលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប៉ុន្តែពេលនោះ រូបលោកមិននៅឡើយ ហើយមិនមានមនុស្ស រងគ្រោះថ្នាក់ទេ។ រីឯក្រុមហេសបូឡាផ្ទាល់ មិនទាន់ចេញមុខទទួលស្គាល់ នៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមហេសបូឡា បានត្រូវបានអូសទាញចូលក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលផ្ទុះឡើងនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ចលនាប្រដាប់អាវុធទាំង២ សុទ្ធតែមានការគាំទ្រពីអ៉ីរ៉ង់ដូចគ្នា។ អំឡុងសង្រ្គាមនេះ អ៉ីរ៉ង់ក៏បានធ្វើការវាយប្រហារដោយផ្ទាល់២លើក លើអ៉ីស្រាអែលផងដែរ ដោយការវាយប្រហារលើកទី២ ធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា តាមរយៈការបាញ់មីស៉ីល២០០គ្រាប់ ជាសកម្មភាពដែលអ៉ីស្រាអែល ប្តេជ្ញាថានឹងឆ្លើយតបវិញ។ ទីក្រុងតេហេរ៉ង់ ក៏បានព្រមានដែរថា ប្រសិនបើអ៉ីស្រាអែល ហ៊ានវាយប្រហារឆ្លើយតប នោះខ្លួននឹងសងសឹកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង