លោក Prabowo Subianto ស្បថចូលកាន់តំណែងជាផ្លូវការ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី
ហ្សាការតា៖នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក Prabowo Subianto បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Prabowo ដែលមានវ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៉ី បន្ទាប់ពីរូបលោកបានទទួល ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទន្ទឹមគ្នាលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។
ឥណ្ឌូណេស៉ីបានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីការពារសុវត្ថិភាព អំឡុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។ ក្រោយចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យនេះ លោក Prabowo ត្រូវបានរំពឹងថា នឹងជួបជាមួយឥស្សរជនក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលបរទេស ថែមទៀតផង។
គួរបញ្ជាក់ថា មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក រួចមកហើយ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Joko Widodo ក្នុងឆ្នាំ២០១៩៕