ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី

12

ទីក្រុហ្សាកាតា៖នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីអាណត្តិថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលរៀបចំឡើងនៅកណ្តាលរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។
ពិធីចូលកាន់តំណែងជាប្រធានាធិបតីទី៨របស់ឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
លោក ប្រាបូវ៉ូ វ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៉ី បន្ទាប់ពីរូបលោកបានទទួល ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទន្ទឹមគ្នាលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។
ឥណ្ឌូណេស៉ីបានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីការពារសុវត្ថិភាព អំឡុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។ ក្រោយចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យនេះ លោក Prabowo ត្រូវបានរំពឹងថា នឹងជួបជាមួយឥស្សរជនក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលបរទេស ថែមទៀតផង។
គួរបញ្ជាក់ថា មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក រួចមកហើយ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Joko Widodo ក្នុងឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង