ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់ពេលនេះ «ព្រឹត្តិការណ៍សំណេរអង្គរ» មានអ្នកចុះឈ្មោះលើស៣៥០នាក់ ខណៈបេក្ខជនមានអាយុតិចបំផុត៦ឆ្នាំ និងអាយុច្រើនបំផុត៧២ឆ្នាំ

37


ភ្នំពេញ៖មកដល់ពេលនេះ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២មានអ្នកចុះឈ្មោះលើសពី៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប។
គួរបញ្ជាក់ថា ព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ ឬការប្រកួតសរសេរតាមអានថ្នាក់ជាតិជាលើកទី២ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
យោងតាមការបញ្ជាក់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ៖«គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលកំពុងទទួលចុះឈ្មោះបេក្ខជនចូលរួមប្រកួតនៅឡើយនោះ មានអ្នកចុះឈ្មោះចំនួន៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប»។
លោក លឹម ប៊ុនហុក ដែលជាអ្នកផ្តួចផ្ដើមកម្មវិធីសំណេរអង្គរមួយរូបដែរនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈបណ្ដាញតេឡេក្រាមលេខ 092 33 76 26 និងស្នើភាគទាន២០,០០០រៀល ដើម្បីបោះអាវយឺតដ៏ស្រស់ស្អាតមួយសម្រាប់សាមីបេក្ខជនផ្ទាល់។
ការទទួលចុះឈ្មោះបេក្ខជន-បេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធីសំណេរអង្គរលើកទី២ ធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺមុន៣សប្ដាហ៍នៃការចាប់ផ្ដើមកម្មវិធី ដើម្បីទុកពេលឱ្យក្រុមការងារត្រៀមកិច្ចការសម្រាប់ចំនួនអ្នកចូលរួមជាក់ស្ដែង។ បើតាមការគ្រោងទុក កម្មវិធីនឹងទទួលអ្នកចូលរួមប្រកួតជាមធ្យម១,២០០នាក់។
លោក លឹម ប៊ុនហុក បញ្ជាក់ដែរថា បេះដូងរបស់កម្មវិធីសំណេរអង្គរ គឺចង់ជួយលើកស្ទួយអក្សរសាស្ត្រខ្មែរ ជួយលើកស្ទួយភាសាជាតិឱ្យមានការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសុក្រឹតបំផុតតាមដែលអាចធ្វើទៅបាន។
សូមរំឭកថា កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំមួយលើករួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់ ក្នុងនោះបេក្ខជនដែលចាស់ជាងគេអាយុ៦០ឆ្នាំ និងបេក្ខជនដែលក្មេងជាងគេ អាយុ១០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង