ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងផ្លាស់មុខតំណែង មេបញ្ជាការយោធភូមិភាគ៣, ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជំនួសឧត្តមសេនីយ៍ឯក យឿង សុខុន

51


កំពង់ស្ពឺ៖អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅព្រឹកថ្ងៃទី២២
ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងរបស់ ឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការយោធភូមិភាគទី៣ ជំនួសឯកឧត្ដមឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនាទីថ្មី នៅក្រសួងការពារជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដាក់បទបញ្ជាទៅដល់កងទ័ពចំណុះឲ្យចៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយបទល្មើសដីព្រៃរបស់រដ្ឋ ក្នុងករណីរកឃើញថា មានកងកម្លាំងណាជាប់ពាក់ព័ន្ធត្រូវបណ្តេញ ចេញពីអង្គភាព ហើយចាប់ខ្លួនប្រគល់ឲ្យជំនាញបន្តនីតិវីធី បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ជាធរមាន។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី គឺកងទ័ពមានភារកិច្ចបន្ថែមការពារធនធានធម្មជាតិ ពិសេសព្រៃឈើដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបានត្រូវរួមគ្នាការពារ។ ជាងនេះហាមការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ វាជាអំពើខុសច្បាប់ ដូច្នេះត្រូវតែជៀសវាងនិងកុំចូលខ្លួនពាក់ព័ន្ធឲ្យសោះ។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់វិធានការយ៉ាងតឹងរឹងទៅលើអ្នកពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយវិធានការនេះគឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ ដោយខុសច្បាប់។ ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយបង្ក្រាបបានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
ទន្ទឹមនឹងនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានលើកឡើងបន្ថែមថា រដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយ ឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត និងកំពុងជំរុញឲ្យមានការដាំឈើឡើងវិញនៅតាមតំបន់មួយចំនួនដែលរងការកាប់រានទន្ទ្រានយកពីសំណាក់ប្រជាពលរដ្ឋតាមរយៈការស៊ីឈ្នួលពីក្រុមមេខ្យល់។
ក្នុងយុទ្ធនាការដាំដុះឡើងវិញនេះ ក៏សូមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវត្រៀមខ្លួនដើម្បីចូលរួមដាំតាមការស្នើសុំរបស់មន្ត្រីជំនាញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង