សហរដ្ឋអាមេរិកប្រកាសផ្តល់មូលនិធិជាង១៧លានដុល្លារដល់កម្ពុជា សម្រាប់កិច្ចការលើកកម្ពស់សុខុមាលភាព និងសកម្មភាពដោះមីន
ភ្នំពេញ៖សហរដ្ឋអាមេរិកបានប្រកាសផ្តល់មូលនិធិសរុបជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីៗមួយចំនួនដែលមានរយៈពេល៥ឆ្នាំ សម្រាប់អនុវត្តកិច្ចការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសកម្មភាពដោះមីននៅប្រទេសកម្ពុជា។
ការប្រកាសនេះធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរបស់អ្នកស្រី Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ដែលធ្វើឡើងនាថ្ងៃទី២២ ខែតុលា នៅវត្តស្វាយធំ ខេត្តសៀមរាប។
ដំបូង អ្នកស្រី Power នាយិកាទីភ្នាក់ងារ USAID បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ គម្រោងរបស់ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវអនុវត្តដោយអង្គការ KHANA ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលធ្វើការផ្នែកជំងឺអេដស៍។ លោកស្រីនាយិកាបានបន្តថា USAID សន្យាផ្តល់មូលនិធិចំនួន៤លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ។ តាមរយៈ COMMIT 2 ជំនួយនេះស្ថិតក្នុងចំណោមជំនួយធំបំផុត ដែល USAID បានផ្តល់ដល់អង្គការក្នុងស្រុកមួយនៅកម្ពុជា ហើយ USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការនៅក្នុងនិងជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងបង្កើនការទទួលបានការបង្ការថែទាំជំងឺរបេង។
លោកស្រីនាយិកា Power ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង១លានដុល្លារ សម្រាប់ការងារសហការជាមួយនឹងអង្គការ UNICEF និងរាជរដ្ឋាភិបាលកម្ពុជា។ ការសហការនេះ រួមមានការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ ដូចជា ជាតិសំណ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ដើម្បីកែលម្អគោលនយោបាយ ស្តង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។
លោកស្រី Power បានប្រកាសអំពីការផ្តល់មូលនិធិថ្មីចំនួន១២លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋាន។ រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាមេរិកបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានចំនួនជាង១.៥លាន នៅលើទំហំផ្ទៃដីប្រមាណ២៣០,០០០ហិកតា នៅប្រទេសកម្ពុជា ហើយការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។
ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពនៅកម្ពុជា គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។ យើងដឹងថា យើងទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើន នៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយយើងកាន់តែរឹងមាំ នៅពេលយើងទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា។ ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួមរបស់យើង ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា។ USAID នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍរបស់ខ្លួន ដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា រួមទាំងលុបបំបាត់ជំងឺរបេងឲ្យអស់ កុំឲ្យគំរាមកំហែងសុខភាព នៅត្រឹមឆ្នាំ២០៣០ ការពារការប៉ះពាល់ដោយសារតែកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ ក្នុងចំណោមម្តាយនិងកុមារ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហានៃការគំរាមកំហែង មកលើសុខភាពសាធារណៈនាពេលអនាគត។
សូមជម្រាបថា អ្នកស្រី Power បាននិងកំពុងបំពេញទស្សនកិច្ចទៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីបង្ហាញអំពីគម្រោងអភិវឌ្ឍន៍ដ៏ជោគជ័យរបស់សហរដ្ឋអាមេរិក ក្នុងការកែលម្អការថែទាំសុខភាព ការការពារទន្លេមេគង្គ និងបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា រួមទាំងរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យរឹងមាំ ក្នុងការគាំទ្រដល់សេចក្តីរុងរឿង ភាពរឹងមាំ និងវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា៕