សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់ទឹកដីនោះទេ មានតែប្រឹងឲ្យប្រទេសរឹងមាំ
មណ្ឌលគិរី៖នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងចេញពីទឹកដីខេត្ដមណ្ឌលគិរី ថា ៖រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់បង់ទឹកដីនោះទេ មានតែប្រឹងប្រែងធ្វើឱ្យប្រទេសរឹងមាំ និងមានសេដ្ឋកិច្ចខ្ពស់។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគំនិតម្ដងណា នៅក្នុងការធ្វើបាត់បង់ទឹកដី អធិបតេយ្យភាព ប៉ុន្ដែផ្ទុយទៅវិញ មានតែធ្វើឲ្យយើងខ្លាំង ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីរបស់យើង ពង្រឹងប្រជាពលរដ្ឋរបស់យើងឲ្យខ្លាំង»។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានតែពង្រឹងឲ្យខ្លាំង តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាពស្ថេរភាព កុំឲ្យមានការបែកបាក់គ្នា ជំរុញការអភិវឌ្ឍន៍ នៅក្នុងតំបន់ឲ្យកាន់តែច្រើន ហើយពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមក ជាមួយនឹងប្រទេសជិតខាង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថា ទំនាក់ទំនងកម្ពុជាជាមួយវៀតណាម, កម្ពុជាជាមួយឡាវ, កម្ពុជាជាមួយថៃ, កម្ពុជាជាមួយសិង្ហបុរី, កម្ពុជាជាមួយអាមេរិក, កម្ពុជាជាមួយចិន ជាមួយប្រទេសមហាអំណាច ឬមួយប្រទេសតូច កម្ពុជាធ្វើនៅក្នុងស្មារតី គោរពអធិបតេយ្យភាព ឯករាជ្យភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា អ្នកបារម្ភបាត់បង់ទឹកដី ព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសកិច្ចសហប្រតិបត្តិការ ប្រៀបដូចជាបញ្ឆេះឱ្យមានជម្លោះ និងការបែកបាកជាតិ។ សម្តេចបវរធិបតី ក៏បានបន្តអំពាវនាវឱ្យរួមគ្នា ថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀត៕