ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ៖គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នេះរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ១០០%នៅភ្នំពេញ

15

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤តុលានេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

  ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ  រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពានិជ្ជករ ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។

  ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនិងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន២៤៩លើក/២៦៤ករណី គឺថយចុះ១៥ករណី។ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសបានសរុប២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចូលរួមទប់ស្កាត់ ព្រឹត្តការណ៍ថ្ងៃទី១៨សីហាឆ្នាំ២០២៤ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាមនិងប៉ុនប៉ង បង្វែលពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។យើងបានរួមគ្នាចាត់វិធានការទៅតាមផ្លូវច្បាប់បានទាន់ពេលវេលា។ទោះបីយើងអនុវត្តបានជោគជ័យដូចខាងលើក្តី យើងក៏នៅមានចំណុចខ្វះខាត សេសសល់ ដែលយើងត្រូវរួមគ្នាជំនៈ ដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបទៅដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឈានទៅការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។

   ឯកឧត្ដមអភិបាលរាជធានីបញ្ជាក់ថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិលនិងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធីនិងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

  ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងដែរថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ខណៈដែលការងារនេះរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ១០០%នៅភ្នំពេញ។គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។ ឯកឧត្តម សន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្ដមឃួង ស្រេង តែងក្រើនរំលឹកជានិច្ចដល់ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយយកចិត្តក្នុងដាក់ក្នុងការធ្វើយ៉ាងណាអោយភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង