ចៅក្រមកាយសម្ព័ន្ធចំនួន៣០រូបបានទទួលការបំប៉ន
ភ្នំពេញ:ក្នុងខណៈដែលការប្រកួតជៃងឯកជាតិ និងការប្រកួតដណ្ដើមពានរង្វាន់ លោកថោងខុនលើកទី២ បានចាប់ផ្ដើមពីថ្ងៃទី២៤ដល់២៩វិច្ឆិកានោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏បានបើកវគ្គបំប៉ន ដល់ចៅក្រមរបស់ខ្លួនចំនួន៣០រូប ដោយមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៤ និង២៥វិច្ឆិកា ។
ថ្លែងនៅក្នុងឱកាសបើកវគ្គនោះលោកណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធបញ្ជាក់ថា នេះមិនមែនជាវគ្គមួយដែលបើកឡើង គ្រាន់តែល្អមើលនោះទេ តែជាវគ្គមួយដើម្បីពង្រឹងសមត្ថភាព ចៅក្រមដែលកាន់តែធ្វើឲ្យការប្រកួតមានគុណភាពប្រសើរ ។មិនតែប៉ុណ្ណោះនេះក៏ជាការបំពេញ បន្ថែមនូវបម្រែបម្រួល នៃបទបញ្ជាប្រកួតដែលសហព័ន្ធអន្តរជាតិទើបនឹងកែប្រែ ។
វគ្គនេះឧទ្ទេសនាមដោយលោកអគ្គលេខាធិការណយ ផាណា និងអាជ្ញាកណ្ដាលចៅក្រមអន្តរជាតិ របស់កម្ពុជាគឺលោកសោ សុផេង និងលោកវាស សារិទ្ធ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនី ចូលរួមចំនួន៧៤រូបដែលក្នុងនោះកីឡាការិនីចំនួន៣៦រូប ។សម្រាប់កីឡាកាយសម្ព័ន្ធអាទីស្ទិក(Gymnastic Artistic)មានចំនួន៨វិញ្ញាសាគឺប្រកួតជាក្រុម៦នាក់ សរុបឧបករណ៍ទាំង៦គឺកម្រាល សេះលោត សេះកង របារស្របកង និង របារនឹង ។ឧបករណ៍ជំនាញបុរស
(សេះលោត)ឧបករណ៍ជំនាញ(សេះកង)ឧបករណ៍ជំនាញកម្រាល ឧបករណ៍ជំនាញកង ឧបករណ៍ជំនាញរបារស្របនិង ឧបករណ៍ជំនាញរបារនឹង ។
កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic)មាន៥វិញ្ញាសាគឺ អាអេរ៉ូប៊ិកឯកត្តជនបុរស-នារី អាអេរ៉ូប៊ិកគូចម្រុះបុរស-នារី(Mix Pair)អាអេរ៉ូប៊ិកទ្រីយ៉ូ(Trio)បុរស-នារី និងអាអេរ៉ូប៊ិកក្រុម៥នាក់ ។
លោកអគ្គលេខាធិការសហព័ន្ធបានប្រកាស ជាសាធរណថា ការប្រកួតឆ្នាំនេះលោកប្រធានសហព័ន្ធថោង ខុន បានតម្លើងប្រាក់រង្វាន់ ជ័យលាភីបន្ថែមពី លើប្រាក់រង្វាន់របស់ក្រសួងអប់រំយុវជន និង កីឡាដោយមេដាយមាសបានទទួលរង្វាន់៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និងមេដាយសំរិទ្ធបាន៣០០.០០០រៀល ។ ជាមួយគ្នានេះសម្រាប់គណៈកម្មការបច្ចេកទេស បានទទួលប្រាក់ការងារប្រចាំថ្ងៃ ដោយមួយថ្ងៃបាន២០ដុល្លារអាមេរិក ។សូមបញ្ជាក់ថាបណ្ដាឆ្នាំកន្លងមក ប្រាក់សម្រាប់មន្ត្រីបច្ចេកទេស បានត្រឹម១៥ដុល្លារប៉ុណ្ណោះ ។