ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ និងអណ្តូងទឹកស្អាត សុរបជាថវិកា ២ម៉ឺនដុល្លារ ព្រះរាជអំណោយរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរតាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ជាប់ព្រំដែននៃខេត្តព្រះវិហារ

36

ព្រះវិហារ៖កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជានុរាស្ដ្រជាធំ ដោយមិនទុកឱ្យកូនចៅប្រុសស្រីណាមួយ ក្ដៅ រងារ អត់ឃ្លាត និងគ្មានជម្រករស់នៅ ដោយមិនទទួលបានការជួយសង្គ្រោះនោះទេ។

ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រជានុរាស្ដ្រងាយរងគ្រោះបំផុតនៅតាមតំបន់ដាច់ស្រយាលជាប់ព្រំដែន កម្ពុជា -ថៃ-ឡាវ ដែលគ្មានផ្ទះរស់នៅចំនួន២គ្រួសារ និងខ្វះខាតទឹកប្រើប្រាស់ជាច្រើនគ្រួសារ ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ គឺបានទទួលនូវផ្ទះថ្មីចំនួន ២ខ្នង និងអណ្ដូងទឹកចំនួន ៣ផ្សេងទៀត គិតជាទឹកប្រាក់សរុប ចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស តាមរយៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត។

សម្រាប់ផ្ទះចំនួន ២ខ្នង ដែលទើបសាងសង់រួចនេះ ត្រូវបានប្រគល់ជូនដល់អ្នករងគ្រោះថ្នាក់ដោយសារមីនចំនួន ២គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជិតព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះម្ចាស់ផ្ទះទី១ លោក ស្រ៊ុន យ៉ុង អាយុ ៥៤ឆ្នាំ ជាអតីតយុទ្ធជន រងគ្រោះថ្នាក់ដោយសារមីន កំលុងឆ្នាំ១៩៩៧ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយ ២៧គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ។

មុនបានផ្ទះថ្មីមួយខ្នងនេះ លោក និងក្រុមគ្រួសារក្រីក្រ គ្មានសម្រកជារបស់ខ្លួននោះទេ ដើររស់នៅជាមួយបងប្អូន ហើយសព្វថ្ងៃលោកត្រូវរ៉ាប់រងតែម្នាក់ឯង ក្រោយប្រពន្ធបានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំ ដោយមានកូន និងចៅជាបន្ទុក រហូតដល់ទៅ ៧នាក់។ លោកបានលើកឡើងទាំងទឹកភ្នែក បង្ហាញពីទឹកចិត្ដរំភើបដែលទទួលបានផ្ទះថ្មីមួយខ្នង ហើយលោកមិនដែលនឹកស្មានដល់ថា នឹងមានថ្ងៃនោះទេ ។ទន្ទឹមនឹងនោះលោកក៏បានថ្លែងទាំងអួលដើមកបន្ថែមទៀតថា «ពេលបានផ្ទះថ្មីនេះ ធ្វើឱ្យខ្ញុំស្រណោះប្រពន្ធខ្ញុំណាស់ ដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នាបាន តែដល់ពេលមានទ្រនំរស់នៅស្អាតសមរម្យ បែបជាគ្មានវត្ដមានរបស់ប្រពន្ធទៅវិញ»។

រីឯម្ចាស់ផ្ទះទី២ គឺលោក បេប បឿន អាយុ ៤៦ឆ្នាំ រងគ្រោះថ្នាក់ដោយសារមីន កាលពីខែមិថុនា កន្លងទៅថ្មីៗនេះ រស់នៅជាមួយប្រពន្ធ-កូន និងចៅ សរុប ៦នាក់ នៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅចម្ងាយ ១០គីឡូម៉ែតប៉ុណ្ណោះពីព្រំដែន កម្ពុជា-ឡាវ-ថៃ។

ផ្ទះទាំងពីរខ្នងនេះ ប្រើពេលវេលាសាងសង់អស់រយៈពេល ៣៨ថ្ងៃ ដែលផ្ទះនីមួយៗមានទំហំ ៥ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្នុងផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ។ ផ្ទះទាំង២ខ្នងនេះ មានតម្លៃសរុបចំនួន ១៤,០០០ដុល្លារ។

ក្រៅពីសាងសង់ផ្ទះថ្មី២ខ្នង ជូនដល់ប្រជាជនងាយរងគ្រោះខាងលើនេះ ក៏មានពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ៣ទៀត នៅតំបន់ផ្សេងៗគ្នា ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដោយអណ្ដូងចំនួន២ គឺបានធ្វើជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងភូមិវាលធំ ស្រុកជាំក្សាន្ដ និងមួយទីតាំងទៀត នៅក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ដ ។អណ្តូងទឹកស្អាតទាំង៣នេះ ចំណាយថវិកាសរុបចំនួន ៦,០០០ដុល្លារ។

ព្រះរាជអំណោយរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ជាប់ព្រំដែននៃខេត្តព្រះវិហារ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយបានជួយសម្រាលទាំងការលំបាកផ្លូវកាយ និងផ្លូវចិត្ដ ពិសេសផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ ដែលប្រកបដោយសុខភាពល្អ។

បន្ថែមពីលើនេះ គឺមិនត្រឹមតែមាននូវព្រះរាជអំណោយជាផ្ទះ និងអណ្តូងទឹកស្អាតប៉ុណ្ណោះទេ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវអំណោយសម្រាលការលំបាកមកជាមួយផងដែរ ជូនដល់ប្រជាជនងាយរងគ្រោះនៅក្នុងស្រុកជាំក្សាន្ដចំនួន ៣៥គ្រួសារ។ ដោយឡែកម្ចាស់ផ្ទះចំនួន២ខាងលើវិញ ក៏ទទួលបានអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈជាច្រើនទៀត សម្រាប់ទុកប្រើប្រាស់ក្នុងគេហេដ្ឋានថ្មីនេះ។

តាមការគូសបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ ក្នុងឱកាសប្រគល់ផ្ទះ អណ្ដូងទឹកស្អាត និងអំណោយសម្រាលការលំបាកខាងលើនេះបានឱ្យដឹងថា «ការកំណត់គោលដៅចុះជួយ និងផ្ដល់ផ្ទះខាងលើនេះដោយសារឆ្នាំនេះ ទិន្នន័យនៃការរងគ្រោះថ្នាក់ដោយសារមីនមានច្រើននៅក្នុងស្រុកជាំក្សាន្ដ បើធៀបនឹងតំបន់ផ្សេងៗទៀត។ ជាពិសេសអ្នកដែលទទួលបានផ្ទះនេះ គឺជាគ្រួសារដែលធ្លាប់រងគ្រោះដោយសារមីន គ្រាប់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាងនេះគឺស្របពេលទទួលបាននូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅផងដែរ»

ឆ្លៀតក្នុងឱកាសចុះសំណេះសំណាល ផ្ដល់អំណោយសម្រាលការលំបាក រួមទាំងប្រគល់ផ្ទះថ្មី និងអណ្ដូងទឹកស្អាតខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសសារអប់រំសុខភាព ផ្ដោតទៅលើការហូបស្អាត ផឹកស្អាតដោយត្រូវដាំទឹកឱ្យឆ្អិន និងវិធានការការពារពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង