ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ

39

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ថា៖

«ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលជាការ បាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូបមិនចេះ រីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ។

ការបាត់បង់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តមបណ្ឌិត បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស ដល់ការ គ្រប់គ្រង ការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ជាអាទិ៍ ផែនការសេដ្ឋកិច្ចសង្គមដើម្បីកាត់បន្ថយភាពកី ក្រ និងជំរុញការវិនិយោគនៅកម្ពុជា ព្រមទាំងលើកកម្ពស់វិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងរក្សា បាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតដល់សព្វថ្ងៃ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕

អត្ថបទដែលជាប់ទាក់ទង