ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក

37

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេល ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ។

ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមជម្រាបថា ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវត្រៀមរៀបចំពិធីនេះ ឱ្យបានស័ក្តិសម និងមហោឡារិក។

ដោយឡែក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្ដែងសិល្បៈទាំង៣រាត្រី៕

អត្ថបទដែលជាប់ទាក់ទង