ចប់ហើយៗ! កងកម្លាំងរក្សាសន្តិភាពបានដកខ្លួនចេញពីទីតាំងមួយនៅភាគខាងត្បូងលីបង់ ក្រោយរងការប្រហាររបស់អ៊ីស្រាអែល
បេរូត៖កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនបានដកខ្លួនចេញពីប៉ុស្តិ៍សង្កេតការណ៍មួយនៅជិតទីក្រុង Dhayra ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើទីតាំងនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
បេសកកម្មនេះបានបញ្ជាក់ថា ការបាញ់ផ្លោងនេះបានកើតឡើងនៅពេលដែលទាហានអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ ដែលបានបង្ខំកងរក្សាសន្តិភាពឱ្យដកខ្លួនចេញ ដើម្បីសុវត្ថិភាព។
គួរបញ្ជាក់ថា បេសកកម្ម UNIFIL របស់អង្គការសហប្រជាជាតិ មានវត្តមាននៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីតាមដានស្ថានការណ៍នៅតាមព្រំដែនជាមួយអ៊ីស្រាអែល។ តំបន់នេះបានក្លាយជាសមរភូមិនៃការប៉ះទង្គិចគ្នា រវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
អ៊ីស្រាអែលបានទាមទារម្តងហើយម្តងទៀតឱ្យ UNIFIL ដកទីតាំងរបស់ខ្លួននៅតាមបណ្តោយខ្សែបន្ទាត់ពណ៌ខៀវ ដែលជាព្រំដែនរវាងលីបង់និងអ៊ីស្រាអែល។ ប៉ុន្តែ បេសកកម្មនេះបានបញ្ជាក់ថា នឹងបន្តបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសលីបង់ ទោះបីជាមានការគំរាមកំហែង ពីសំណាក់អ៊ីស្រាអែលក៏ដោយ។ ការបាញ់ផ្លោងខាងលើនេះគឺជាហេតុការណ៍ចុងក្រោយបំផុត ក្នុងចំណោមការវាយប្រហារជាច្រើនរបស់អ៊ីស្រាអែល ទៅលើទីតាំងរបស់ UNIFIL។ កាលពីថ្ងៃពុធទីតាំងព្យាបាលមួយនៅទីក្រុង Beit Leif ក៏ត្រូវបានវាយប្រហារផងដែរ៕