សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ចិន បង្កើតមិត្តភាព ២០០០ឆ្នាំហើយ ដែលបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពយូរអង្វែង ពោលគឺប្រមាណជាង ២ ០០០ឆ្នាំមកហើយ ដែលចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់ សម្ភារ បរិក្ខារ អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ផងដែរ។ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ចិន មានទំនាក់ទំនងគ្នាជាង ២ ០០០ឆ្នាំមកហើយ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដូចនៅក្នុងសុន្ទរកថារបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយកម្ពុជា និងចិន ជាមិត្ត ជាអ្នកជិតខាង ជាដៃគូដ៏ល្អ ជាមួយគ្នានេះ ហើយឆ្នាំនេះជាខួបលើកទី៦៦ នៃការបង្កើតការទូតទំនាក់ទំនងយើងទាំងពីរ។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន»។
នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែងយកចិត្តទុកដាក់ខ្ពស់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕