ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក គម្រោងអាទិភាពឆ្នាំ២០២៥ មានជាង៩០គម្រោង និងស្នើសុំការគាំទ្រជាង៦០គម្រោង
ភ្នំពេញ៖ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក សំរាប់គម្រោងជាអាទិភាព ឆ្នាំ២០២៥ មានចំនួន ៩២គម្រោង ក្នុងនោះ រដ្ឋបាលខណ្ឌ មានថវិកាគាំទ្រចំនួន២៩គម្រោង និងគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រចំនួន ៦៣គម្រោង ដែលគម្រោងទាំងនេះ មានទាំងគម្រោងផ្នែកសេដ្ឋកិច្ច,ផ្នែកសង្គមកិច្ច,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ។
នេះជាការបង្ហាញអោយដឹង ក្នុងអង្គសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌ សង្កាត់ឆ្នាំ២០២៥-២០២៧ នាព្រឹកថ្ងៃទី២៨ តុលានេះក្រោមអធិបតីភាព លោកឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលាខណ្ឌទួលគោក។
ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍ថា៖ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ ខណ្ឌនេះ គឺមានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍របស់សង្កាត់ និងខណ្ឌ។
ឯកឧត្ដមបន្តថា៖ ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្តើមពី ថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមសាលាខណ្ឌនីមួយៗ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកឃុន ដឿន ក៏បានណែនាំដល់មន្ទីរជំនាញ អង្គភាពនានា ពិនិត្យលទ្ធភាព ថាតើគម្រោងណាខ្លះដែលគួរគាំទ្រដល់ថ្នាក់ខណ្ឌ និងគម្រោងណាខ្លះគួរគាំទ្រដល់ថ្នាក់សង្កាត់។ សំរាប់មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដែលបានសន្យាជួយ គាំទ្រគម្រោង ត្រូវបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥របស់ខ្លួន ហើយខិតខំអនុវត្ត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមការសន្យាគាំទ្រ និងផែនការដែលបានគ្រោងទុក។ ប្រសិនបើ គម្រោង ដែលទទួលបានការគាំទ្រនៅពេលនេះហើយ ប៉ុន្តែមិនបានអនុវត្ត សូមជូនដំណឹងដល់ខណ្ឌ ឬសង្កាត់ ឱ្យបានដឹងផង។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥-២០២៧ របស់សង្កាត់ ខណ្ឌ បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលចាំបាច់ត្រូវមានការចូលរួមគាំទ្រពី សំណាក់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន។
លោកអភិបាលខណ្ឌបន្តថា៖ ការរៀបចំគម្រោងផែនការអភិវឌ្ឍន៍ ខណ្ឌ និងសង្កាត់ ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។
គួរបញ្ជាក់ថា៖ ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០២៣ ដែលបានអនុវត្តឆ្នាំ២០២៤ និងគម្រោងជា អាទិភាពសម្រាប់ឆ្នាំ២០២៥ ដែលទទួលបានការគាំទ្រសរុបចំនួន ៧៩គម្រោង អនុវត្តសម្រេចបាន ៧៩គម្រោងស្មើ១០០% ក្នុងនោះរួមមាន៖
ផ្នែកសេដ្ឋកិច្ចចំនួន ១៩ គម្រោង លើ ១៩គម្រោង។
ផ្នែកសង្គមកិច្ចចំនួន ២៩ គម្រោង លើ ២៩គម្រោង។
ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន១៤ គម្រោង លើ ១៤ គម្រោង។
ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ១៧ គម្រោង លើ ១៧ គម្រោង។
គម្រោងជាអាទិភាព ឆ្នាំ២០២៥ មានចំនួន ៩២គម្រោង ក្នុងនោះរដ្ឋបាលខណ្ឌមានថវិកាគាំទ្រ ចំនួន ២៩គម្រោង និងគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម
នាពេលនេះ មានចំនួន ៦៣គម្រោង ក្នុងនោះរួមមាន៖ផ្នែកសេដ្ឋកិច្ចចំនួន ១៦ គម្រោង,ផ្នែកសង្គមកិច្ចចំនួន ២៦គម្រោង,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានចំនួន ១០គម្រោង,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១១គម្រោង៕