បុរសម្នាក់ គំរាមរំលោភក្មេងស្រីបានសម្រេចជាច្រើនលើក តាំងពីឆ្នាំ២០១៧ ត្រូវបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ បាននិយាយប្រាប់ប៉ូលិសថា ឈ្មោះផៅ ពុន តែងគំរាមនាង និងហៅនាងទៅរំលោភជាបន្តបន្ទាប់ នៅផ្ទះកូនស្រីបង្កើតរបស់គាត់ រាល់ចាប់បង្ខំម្តងៗ គាត់តែងតែគំរាមជានិច្ច។ ករណីនេះ ក្រោយបែកការណ៍ និងមានពាក្យប្តឹងចូលដល់សមត្ថកិច្ច ជនសង្ស័យម្នាក់ ជាប់ចោទក្នុងករណីគំរាមក្មេងអាយុ១៤ឆ្នាំ រំលោភបានសម្រេចជាច្រើនលើក ត្រូវបានកម្លាំងនគរបាល ជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាប់ខ្លួន និងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ទោឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន បានឲ្យឹងថាជនជាប់ចោទឈ្មោះ ផៅ ពុន ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹក ថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខ.ស.គ.ល អាយុ១៤ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ក្រោយពីមាន បណ្តឹងរបស់ ឪពុកម្តាយក្មេងស្រីរងគ្រោះ។ ជនសង្ស័យ ត្រូវបានកងកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកថ្លា នគរបាលក្រុងសិរីសោភ័ណ ចាប់ឃាត់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិសដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០១៨ ដើម្បីនាំខ្លួនមកសាកសួរ។
លោកនាយការិយាល័យ បានបញ្ជាក់ថា៖ តាមការបំភ្លឺ ពីក្មេងស្រីរងគ្រោះ កាលពីអំឡុងឆ្នាំ២០១៧ ផៅ ពុន បានឌុបនាងទៅផ្ទះកូនបង្កើត នៅភូមិជាមួយគ្នា បានចាប់ទាញដៃនាង ចូលបន្ទប់ ពេលនាងរើបម្រាស់ ត្រូវជនសង្ស័យគំរាមនិងវាយខ្នងចំនួនបីដៃ បង្ខំនាងរំលោភបានសម្រេច ខណៈពេលកូនស្រីបង្កើតរបស់គាត់មិននៅផ្ទះ ហើយគំរា មថា ហាមនិយាយរឿងនេះ ប្រាប់ឪពុកម្តាយនិងក្រុមគ្រួសារ បើមិនដូច្នេះគេនឹងវាយសម្លាប់ខ្លួនចោល។
ក្រោយមកទៀតឈ្មោះផៅ ពុន តែងគំរាមនាង និងហៅនាងទៅរំលោភជាបន្តបន្ទាប់ នៅផ្ទះកូនស្រីបង្កើតរបស់គាត់ទៀត រាល់ចាប់បង្ខំម្តងៗ គាត់តែងតែគំរាមជានិច្ច។ នៅលើកទី៣ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឌុបនាងទៅផ្ទះម្តាយមីងរបស់ខ្លួន ពេលនោះម្តាយមីងមិននៅផ្ទះ ជាឱកាសល្អ ឈ្មោះផៅ ពុន បានចាប់នាងរំលោភនៅក្នុងបន្ទប់ផ្ទាល់ដីក្រោមផ្ទះ បានសម្រេចក៏ដើរចេញពីបន្ទប់ ត្រូវបានគេឃើញ ឈ្មោះពុន ហើយក៏បានឃើញនាងនៅក្នុងបន្ទប់មីង ពេលនោះ ទើបនាងហ៊ាននិយាយប្រាប់ឪពុកម្តាយនិងបានប្តឹងសមត្ថកិច្ចតែម្តង។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន ក៏បានបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ ជាប់ចោទបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្ត ដូចពាក្សចោទប្រកាន់របស់ក្មេងស្រីនោះមែន តែជា ការព្រមព្រៀងគ្នាទេ ហើយក៏មិនបានគំរាមអ្វីដែរ។
លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា តែទោះជាយ៉ាងណា ដោយផ្អែកលើបណ្តឹងរបស់ឪម្តាយ និងចម្លើយបំភ្លឺរបស់ ក្មេងរងគ្រោះ រួមទាំងចម្លើយសាក្សី ឈ្មោះផោ ពុន ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី២៤វិច្ឆិកានេះ ៕