ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពមានះរបស់អ្នកស្រវឹងស្រា ! ជិះអូប័រមកឡើងផ្ទះកូន ទាំងស្រវឹងជោក តែបងប្អូនមិនឃើញ លុះបាត់ ២ ថ្ងៃ ប្រទះឃើញសពអណ្តែតទឹក នៅត្រពាំងរូង

230

កោះកុង៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង បានរាយការណ៍មកសមត្ថកិច្ចប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ។

ក្រោយពីបានទទួលពត៌មាន លោក វរសេនីយ៍ឯក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានចាត់ឲ្យកម្លាំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍នគររបាលដ្ឋបាលកោះកាពិ ចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសាកសពអណ្តែតទឹក ។ តាមការសួរបំភ្លឺពីក្រុមគ្រួសារ និងអ្នកជិតខាងនៃសព បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឿប ញ៉ិប ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរនេសាទ មានទីលំនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ហើយកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំ លុះដល់ល្ងាចម៉ោង ៥:៣០ នាទី គាត់បាននិយាយប្រាប់ អ្នកភូមិថា គាត់ត្រូវទៅចូលរួមកម្មវិធីឡើងផ្ទះកូន នៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ពេលនោះ គ្រប់គ្នា បានឃាត់គាត់ ដោយឃើញថា គាត់ស្រវឹងខ្លាំង ហើយមិនបាច់ទៅទេ ពេលនោះ ស្រាប់តែគាត់តបវិញថា កូនអញធ្វើកម្មវិធី អញត្រូវតែទៅ និយាយរួច ក៏បានបើកអូប័រម៉ាស៊ីនកន្ទុយវែង ចេញពីភូមិកោះស្រឡៅតែម្នាក់ឯង ដោយប្រពន្ធ និងកូនគាត់បានទៅកម្មវិធីឡើងផ្ទះកូន នៅភូមិព្រែកអង្គុញ មុនមួយថ្ងៃហើយ មិនដឹងថាឈ្មោះ លឿប ញ៉ិប បើកអូប័រទៅចូលរួមកម្មវិធី តាមក្រោយទេ ដោយសារគ្មានទូរស័ព្ទទំនាក់ទំនងគ្នា ប្រពន្ធនិងកូននៅភូមិព្រែកអង្គុញស្មានថាប្តី មិនមកចូលរួមកម្មវិធីឡើងផ្ទះកូនទេ លុះដល់ដល់ថ្ងៃទី ២៣វិច្ឆិកា២០១៨ ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង បានប្រទះឃើញសម្បកអូប័រអណ្តែតលើទឹក គ្មានម្ចាស់ ក៏បានផ្សព្វផ្សាយរកម្ចាស់អូប័រ ក្រោយមកកូនរបស់ជនរងគ្រោះ ក៏បានមកមើលឃើញថា សម្បកអូប័រនេះ ជាសម្បកអូប័ររបស់ឪពុកខ្លួនមែន ហើយក្រុមគ្រួសារសង្ស័យថា ធ្លាក់ទឹក បាននាំគ្នា រុករកក្នុងទឹក ប៉ុន្តែពុំឃើញគាត់ទេ ហើយ ពេលនោះក្រុមគ្រួសារមិនបានរាយការណ៍ មកសមត្ថកិច្ចឲ្យដឹងទេ ។ លុះដល់ថ្ងៃទី២៤វិច្ឆិកា២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង បានប្រទះឃើញសាកសពអណ្តែតទឹក ក៏រាយការណ៍មកសមត្ថកិច្ច ។

តាមការពិនិត្យជាក់ស្តែង និងសន្និដ្ឋាន របស់កម្លាំងជំនាញ និងតាមការសួរបំភ្លឺគ្រួសារនៃសព និងអ្នកជិតខាង ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ស្រវឹងស្រាបើកអូប័រក្រឡាប់ធ្លាក់ទឹក លង់ទឹកស្លាប់តែម្តង។
បច្ចុប្បន្នកម្លាំងជំនាញជំនាញ បានធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យ ក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង