ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បង្ហាញលទ្ធផលផ្សព្វផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ «ការបោះឆ្នោតឡើងវិញ» ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

12

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ «ការបោះឆ្នោតឡើងវិញ» ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ អំពីការចុះឈ្មោះអ្នកសង្កេត-ការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប ដោយមានភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន៦ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤ ព្រមទាំងអ្នកសារព័ត៌មានចំនួន ៣៩នាក់។

ឯកឧត្ដម ជឺ ចំណាន បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុងដែលបង្កើតថ្មីនេះ ដោយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ (ពីររយសែសិប) ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ១៩២ សសរ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ គឺនាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

ឯកឧត្ដម ជឺ ចំណាន បានបន្តថា ផ្អែកលើមូលដ្ឋានខាងលើនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវសេចក្តីសម្រេច ផែនការមេ ប្រតិទិនការងារ រួមទាំងបានរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការងារបោះឆ្នោតឡើងវិញនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

អំពីការប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន មានប្រសាសន៍ថា គ.ជ.ប បានដាក់ចេញនូវប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា-ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ដំណើរការរៀបចំការបោះឆ្នោតត្រូវចាប់ផ្ដើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាមករណីគ្មាន ឬមានពាក្យបណ្តឹង ឬគ្មានការបោះឆ្នោតសាជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង