ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាតជារឿងធំយើងក្នុងនាមជាអាជ្ញាធរត្រូវតែធ្វើឱ្យបានល្អបំផុត

48

ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយ

មានទូក ង ចូលរួមប្រកួនប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីបខណៈឆ្នាំ២០២៣មានចំនួនត្រឹមតែ២៩ប្រទីបប៉ុណ្ណោះ។

  នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាត ជារឿងធំដែលយើងក្នុងនាមជាអាជ្ញាធរត្រូវតែធ្វើអោយបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក ង ទាំងជាង២ម៉ឺននាក់ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវនិងទីតាំងទី២ នៅ ម្តុំរង្វង់មូលនាងមច្ឆាក្នុងតំបន់អភិវឌ្ឍន៍OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួលក្នុងការពារសន្តិសុខជូនពួកគាត់។

  ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយមិនអោយមានការលក់ដូរនៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំង នៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនិងការពិនិត្យមើលអោយម៉ត់ចត់ ចំពោះ ការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌត្រូវតែ ម្ចាស់ការ ស្គាល់ និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើរ ជៀសវាង បាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួលខុសត្រូវ។

  ក្នុងកិច្ចប្រជុំនេះដែរ ក៏បានគិតគូ ពីការរៀបចំបន្ទប់ទឹកអោយបានច្រើន ទីតាំងសំរាប់សង្គ្រោះនិងទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការលំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើម។

  ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេស ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និង ស្រស់ស្អាត៕

អត្ថបទដែលជាប់ទាក់ទង