លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅខែក្រោយនេះ
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជាចំនួន ១៦រូប ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ដែលប្រតិភូនាវាយុវជនកម្ពុជាបានដឹកនាំដោយលោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវការក្ដីនឹករលឹក និងស្រលាញ់ជាពន់ពេក រួមទាំងផ្ដល់នូវថវិកាលើកទឹកចិត្ដ ដល់យុវជនកម្ពុជា ទាំង១៦រូបផងដែរ ទោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។
ក្នុងពិធីសំណេះសំណាលនេះ ដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ពិសេសកោតសរសើរចំពោះសមត្ថមភាពរបស់ប្រតិភូនាវាយុវជនកម្ពុជា ដែលអនាគតសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសរសរទ្រូងដ៏រឹងមាំរបស់កម្ពុជា។
លោកជំទាវបណ្ឌិត ក៏បានរម្លឹកថា «ប្អូនៗយុវជនជំនាន់ក្រោយៗនេះ មានឱកាសច្រើនណាស់ ជាងជំនាន់បងៗដែលទើបតែងើបចេញពីសង្គ្រាម ដូច្នេះហើយឱកាសនៃការរៀនសូត្រ មិនសូវមានដូចប្អូនៗបច្ចុប្បន្ននេះដែរ។ ដូចនេះសូមឱ្យប្អូនៗជំនាន់ក្រោយ ដែលអនាគតជាអ្នកដឹកនាំមួយរូប ត្រូវធ្វើយ៉ាងម៉េចរួមគ្នា រក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាយើង ឱ្យបានគង់វង្សតទៅមុខរៀងរហូតទៅ»។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្ដល់អនុសាសន៍គន្លឹះបន្ថែមទៀត ដើម្បីជាទុនសម្រាប់ចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាខែវិច្ឆិកាខាងមុខនេះ រួមមាន៖
១៖ ត្រូវយកចិត្ដទុកដាក់ ក្រេបយកចំណេះជំនាញ និងបទពិសោធន៍ ដែលមិនមែននៅសាលា ពិសេសបើកចិត្ដដើម្បីទទួលយកចំណេះដឹងថ្មី ហើយត្រូវធ្វើខ្លួនជាអ្នកត្រូវទទួលយកទាំងអស់ ទាំងវប្បធម៌ ប្រពៃណី បច្ចេកទេស ឥរិយាបទ ពិសេសត្រូវចេះសម្របខ្លួន ត្រូវសកម្មភាពក្នុងការស្វែងសិក្សា,
២៖ សូមកុំមានអំណួត ឬមោទនភាពលើខ្លួនឯងខ្លាំងពេក និងត្រូវស្ដាប់ឱ្យបានច្រើន ជាជាងការនិយាយច្រើន និងត្រូវយកចិត្ដទុកដាក់លើការទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្ដិការ ទាំងនៅទីនោះ និងត្រលប់មកស្រុកយើង
៣៖ ចេះជួយគ្នានទៅវិញទៅមក
៤៖ ត្រូវមានគុណធម៌នៅក្នុងខ្លួនជាប់ជានិច្ច ដោយមិនត្រូវមើលងាយដល់អ្នកដែលខ្សត់ខ្សោយ និងមិនបានរៀនដូចយើង
លើសពីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជាថា សូមឱ្យប្អូនដែលត្រូវទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវគិតថា ការទៅចូលរួមនេះ គឺក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា ដូច្នេះសកម្មភាពអ្វីទាំងឡាយដែលនាំឱ្យអាប់អោនដល់ប្រទេសជាតិ សូមឱ្យប្អូនចៀសវាង ពីព្រោះថាត្រីមួយកន្ដ្រក បើស្អុយមួយ ស្អុយទាំងអស់។
«ដូច្នេះក្នុងឱកាសទៅចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលមានរយៈពេល៣៨ថ្ងៃនេះ សូមត្រលប់មកវិញឱ្យគេដឹងថា ប្រទេសកម្ពុជាយើង ជាប្រទេសមួយតូច ប៉ុន្ដែយុវជនយើងមានអាកប្បកិរិយាល្អ សីលធម៌ល្អ មានគុណធម៌ល្អ ចេះជួយគ្នាទៅវិញទៅមក និងមានចំណេះដឹងជ្រៅជ្រះយ៉ាងល្អប្រសើរ ។មួយវិញទៀតត្រូវចេះលើកស្ទួយវប្បធម៌របស់យើង បង្ហាញពីអត្ដសញ្ញាណជាតិយើង ហើយជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាយើងផងដែរ។ ប្រទេសគេតែងតែចង់ដឹងព័ត៌មានពិតនៃប្រទេសនីមួយៗ ដូច្នេះហើយប្អូនៗយុវជនទាំងអស់ គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារ ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ជូនដល់ឆាតអន្ដរជាតិ»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជា ត្រូវថែរក្សាសុខភាព, គោរពវិន័យ, ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់យើង ហើយត្រូវស្រលាញ់គ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ និងមើលថែរគ្នាឱ្យបានល្អ ដូចទៅនឹងសុភាសិតមួយពោលថា «នៅផ្ទះម្ដាយទទៃ នៅព្រៃម្ដាយតែមួយ» ហើយត្រូវកសាងមិត្ដភាពជាមួយបណ្ដាមិត្ដទាំងឡាយដែលបានចូលរួមជាមួយយើង៕