រដ្ឋមន្ត្រីក្រសួងអប់រំប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នាថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។
ក្នុងពិធីនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបាននិងកំពុងរស់នៅក្នុងម្លប់សន្តិភាព ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។នេះជាឆ្នាំទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមនិងកំណើនសេដ្ឋកិច្ច។ មួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុច កាលពីថ្ងៃទី២៤សីហា២០២៣ ក្នុងគោលដៅពង្រឹងវិស័យអប់រំអោយកាន់តែល្អប្រសើរឡើង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន បានបន្តទៀតថា៖ បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រលងប្រណាំងគ្នា ដើម្បីសំរេចស្តង់ដាសាលាគំរូបឋមសិក្សា១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ ជាសាលាគំរូ។
សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជាប្រារព្វថ្ងៃបើកបវេសនកាល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥៕