ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះខួប២ឆ្នាំនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

56

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជា គម្រោង ដ៏សំខាន់ ដែល កម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាង សហគមន៍ ជោគ វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

ពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ ឆ្នាំនៃ ការ បើក ឱ្យ ប្រើប្រាស់ ជា ផ្លូវ ការ ផ្លូវ ល្បឿន លឿន ភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា តាំង នាម ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមចូល រួម អបអរ សាទរ យ៉ាង កក់ ក្តៅ ក្នុ ងកម្មវិធីគម្រប់ខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុង ព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះ បុគ្គលិក ដែល បាន ចូល រួម ចំណែក និងលះបង់កម្លាំងកាយចិត្តតាំងពីតំណាក់កាលសាងសង់ និងបន្តមក ដល់ ការ បើក ដំណើរ ប្រតិបត្តិមក ទល់ ពេលនេះ ដោយស្មោះជូនចំពោះប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវ ល្បឿន លឿន ដំបូង គេ បង្អស់ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួម គ្នា ក្រោម គំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកប ដោយគុណភាព និងស្តង់ដារខ្ពស់។ ប្រទេសកម្ពុជា និង ចិនបានសហការ យ៉ាង ស្អិត រមួត ក្នុង ការ ជម្នះឧបសគ្គអំឡុងពេលរីករាលដាលនៃមេរោគកូវីដ-១៩ ហើយបានបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមុនកាលកំណត់រយៈពេល ៨ ខែ ដែលនាំឱ្យប្រទេសកម្ពុជាឈានចូលយុគសម័យ ” ផ្លូវល្បឿនលឿន ” ។ ចាប់តាំងពីបើកដំណើរការរយៈពេល ២ ឆ្នាំ កន្លងមក លំហូរចរាចរណ៍សរុបនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនដល់ទៅជាង ១០ លានដង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើដំណើរតាមរយះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាច្រើនដង ហើយឯកឧត្ដមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់នូវសក្តានុពលនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីសមិទ្ធផលជាផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសផ្សេងៗ កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលបានចូលរួម និងអនុវត្តក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ មានគម្រោងធំៗជា ច្រើនដែលបានសាងសង់ឡើងដោយជោគជ័យ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងទាំងនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងជាគំរូសម្រាប់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ“ខ្សែក្រវ៉ាត់ និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនមានឆន្ទៈ យ៉ាងមោះមុតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា” ដើម្បីសាងសង់គម្រោងធំៗបន្តទៀត និងបន្តជំរុញនិងលើកកម្ពស់ប្រទេសតូចតែពោពេញដោយសក្តានុពល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកចំណែកជាកម្លាំងចលករ ជំរុញសន្ទុះនៃការអភិវឌ្ឍ ហើយនាំមកនូវភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានក្លាយជាក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងទិសដៅទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានា ព្រមទាំង ឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុង ផ្តល់អត្ថប្រយោជន៍ ដ៏លើសលុបដល់សកម្មភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញ ដោយឯកឧត្តម ប្រធានាធិបតី Xi Jinping ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ព្រមទាំង ជាផ្នែកមួយ ជួយបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតំបន់អាស៊ី និងអឺរ៉ុប កាន់តែមានភាពស្និទ្ធស្នាលផងដែរ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀស នូវគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន។

ក្នុងពេលនោះដែរ ក៏មានការប្រគល់រង្វាន់ជូនដល់អ្នកប្រើប្រាស់ ជាជនជាតិខ្មែរម្នាក់ ដែលបានក្លាយជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ទី១០លានផងដែរ។

ចំណែកលោក ឈុំ សុភារម្យ បានប្រាប់ថា ការធ្វើដំណើរផ្លូវនេះ ចំណេញទាំងពេលវេលា និងសេដ្ឋកិច្ច យ៉ាងច្រើន បើធៀបនឹងការធ្វើដំណើរលើផ្លូវជាតិធម្មតា។

លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានមកវិនិយោគកសាងផ្លូវល្បឿលឿនដំបូងគេ សម្រាប់កម្ពុជា ហើយក៏សង្ឃឹមថា កម្ពុជានឹងមានផ្លូវល្បឿនលឿនបន្តបន្ទាប់ទៀត ក្រោមការវិនិយោគរបស់ចិន ជាពិសេស ពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត ឲ្យបានកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង