ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកមានធនធានទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ និងធនធានកីឡារបស់កម្ពុជា

47

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អ្នកមានធនធានដូចជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ឧបនាយករដ្ឋមន្រ្តី ឱ្យជួយឧបត្ថម្ភដល់ក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត។

ការអំពាវនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោហ៊ុន សែនបាន អញ្ជើញជួបសំណេះសំណាល និងពិសារភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមស្នើរក្រុមហ៊ុនឯកជនមួួយជួយ១ក្លឹប ឬឧកញ៉ាម្នាក់ជួយមួយក្លឹប ឬឧបនាយករដ្ឋមន្រ្តីម្នាក់ជួយមួយក្លឹប ខ្ញុំគិតថា ធ្វើទៅរួច យើងអាចធ្វើកិច្ចការងារនេះបានដើម្បីធានាថា កីឡារបស់យើង»។ សម្តេចបានបន្តថា៖ «ក្មួយៗយុវជនរបស់យើងកុំបោះបង់ចោលការសិក្សា អញ្ចឹងវិធីតែមួយគត់គឺយើងពង្រឹងក្លឹបដែលមាន ហើយប្រាក់បានជាង១ពាន់លាននេះ ជាប្រាក់ដែលកូនខ្មែរ នឹងជួយយកទៅពង្រឹងតាមក្លឹប ប៉ុន្តែគ្មាននិរន្តរភាពទេ នេះគ្រាន់តែជាការទាត់បាល់ដើម្បីទទួលបានប្រាក់ចំណូល ហើយប្រាក់យកទៅឧបត្ថម្ភម្តងម្កាល ប៉ុន្តែបើមានក្រុមហ៊ុនណាមួយ ដូចជាក្រុមហ៊ុនជីបម៉ុងជាដើម ទៅជួយដល់ក្លឹបណាមួយនៅឯខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ គឺវាធានានិរន្តរភាព»។

សម្តេចបានឧទាហរណ៍ចំឈ្មោះនូវក្រុមហ៊ុនឯកជនទាំងនោះ មានដូចជា ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុន ប៉េង ហួតជាដើម ហើយសម្តេចបានបញ្ជាក់ទៀតថា បើសិនជាមានឧបនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភមួយក្លឹបនោះនឹងកាន់តែល្អប្រសើរថែមទៀត។ ទោះជាយ៉ាងនេះក្តី សម្រាប់សម្តេចផ្ទាល់ សម្តេចនឹងមិនឈរឧបត្ថម្ភសម្រាប់ក្លឹបណាមួយនោះទេ សម្តេចសុខចិត្តនៅឈរពីក្រោយវិញ។

សម្តេចសង្ឃឹមថា តាមរយៈវិធីសាស្ត្របែបនេះ កម្ពុជានឹងអាចធ្វើបាន ហើយក្នុងមួយខែៗ ការឧបត្ថម្ភបែបនេះ ក៏មិនមែនជាចំណាយដែលធំនោះដែរ។

សម្តេចតេជោបានមានប្រសាសន៍សម្តែងនូវការអបអរសាទរចំពោះការប្រកួតរបស់កីឡាករបាល់ទាត់តារាកម្ពុជានិងបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទៀតបន្តថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេចបន្តថាកីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រអោយបានដិតដល់ជាងនេះទៀត។ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេកនឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយកម្លាំង។ សម្តេចតេជោបានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលជំនាញកីឡា។ សម្តេចបានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស។ សម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអ្នកជំនាញកីឡាចុះទៅស្រាវជ្រាវ ពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង ដែលខេត្តនោះមានក្រុមកីឡាករប្រដាល់ច្រើន មានក្លឹបហ្វឹកហាត់ក៏ច្រើន ហើយក៏មានការប្រកួតច្រើនណាស់ដែរ ប៉ុន្តែតម្លៃខ្លួនតិចតួចបំផុត៕

អត្ថបទដែលជាប់ទាក់ទង