ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរកសិកម្មខេត្តកណ្ដាល បញ្ជាក់ពីភាពត្រឹមត្រូវជុំលើការងារបង្ក្រាបនាំចូលបង្កងគ្មានលិខិតបញ្ជាក់គុណភាព

38

កណ្ដាល៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺមួយដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវ ជុំវិញការអនុវត្តច្បាប់ទៅលើករណីដែលឈ្មួញបាននាំចូលបង្កងដែលគ្មានលិខិតបញ្ជាក់គុណភាព ក្រោយឈ្មួញនោះប្ដឹងមកលើមន្ត្រីអនុវត្តច្បាប់ដោយចោទប្រកាន់ថា បានប្រព្រឹត្តិអំពើពុករលួយ និងប្រើតួនាទីធ្វើទុក្ខបុកម្នេញ និងជំរិតទារលុយ។

ក្នុងលិខិតបំភ្លឺរបស់មន្ទីរកសិកម្មខេត្តកណ្ដាល ចុះថ្ងៃទី១វិច្ឆិកានេះបានអះអាងថា កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3G-5776 មួយគ្រឿង ដឹកបង្កងនាំចូលចំនួន៣៦ធុង ស្មើនឹង៧៨៩គីឡូក្រាម គ្មានវិញ្ញបនបត្របញ្ជាក់គុណភាព ផ្នែករោគសាស្ត្រពីប្រទេសវៀតណាម ដែលមានឈ្មោះ ចឹង បៀង ជាម្ចាស់រថយន្ត ទើបខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល សុំគោលការណ៍ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ឃាត់រថយន្តទុកដើម្បីធ្វើការផាកពិន័យ តាមនីតិវិធីច្បាប់ស្ដីពីជលផល។

លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ពុំឃើញម្ចាស់រថយន្តចូលមកបង់ប្រាក់ពិន័យ ទើបខណ្ឌរដ្ឋបាលជលផលកណ្ដាល បានដឹកនាំគណៈកម្មការចម្រុះ ដោយមានការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចបំផ្លាញកប់ចោលនូវបង្កងខូចគុណភាពងាប់ និងមានក្លិនស្អុយប៉ះពាល់ដល់មជ្ឈដ្ឋានរស់នៅប្រជាពលរដ្ឋ ហើយរថយន្តចំនួន១គ្រឿង និងអុកស៊ីសែនចំនួន២គ្រឿង ត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលជលផលរកាកោង រង់ចាំការសម្រេចពីថ្នាក់លើ។

មន្ទីរកសិកម្មខេត្ត បានបញ្ជាក់ទៀតថា កន្លងមកឈ្មោះ ចឹង បៀង តែងតែធ្វើសកម្មភាពដឹកជញ្ជូនបង្កងមកពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា ដោយប្រើប្រាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនអ្នកដទៃ ដែលជាក់ស្ដែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ឈ្មោះនេះបាននាំចូលបង្កងដោយគ្មានលិខិតអនុញ្ញាត ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ផាកពិន័យផងដែរ។

អត្ថបទដែលជាប់ទាក់ទង