ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលថា៖គ្រូពេទ្យត្រូវប្រកាន់សិលធម៏ល្អដោយឈរ លើទស្សនៈអំពើល្អកុំសាងអំពើបាបកម្មទៅលើអ្នកជំងឺ

57


ភ្នំពេញ៖ឯកឧត្ដម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអំពាវនាវ និងលើកទឹកចិត្តដល់ ក្រុមគ្រូពេទ្យដែលធ្វើការងារក្នុងវិស័យសុខាភិបាលត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៏ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ។
ការអំពាវនាវនេះរបស់ឯកឧត្ដម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពនៃការគ្រប់គ្រងនិងប្រពន្ធ័បញ្ជូនជំងឺតាមរថយន្តគិលានសង្គ្រោះបន្ទាន់ទៅមូលដ្ឋានសុខាភិបាលឯកជនក្នុងរាជធានីភ្នំពេញនៅមន្ទីរសុខាភិបាលកាលពីរសៀលថ្ងៃទី៦វិច្ឆិកា ម្សិលម៉ិញនេះ។
ឯកឧត្ដម ង៉ូវ កាង បន្តថា៖ក្រសួងសុខាភិបាលមិនមានការកៀបសង្កត់ទៅលើសកម្មភាពរកស៊ីចំពោះក្លីនិក,មន្ទីរពហុព្យាបាលឯកជននោះឡើយ បើបងប្អូន អនុវត្តបានត្រឹមត្រូវតាមច្បាប់កំណត់ដោយឈរលើគុណភាព,សុវត្ថិភាព អាចទុកចិត្តបានរួមទាំងអាកប្បកិរយា ពាក្យសំដីក៏ដូចសំលៀកបំពាក់ឲ្យបានសមរម្យ ជាគ្រូពេទ្យព្រោះវាជាកិត្តិយសសំរាប់ខ្លួនយើងផង សំរាប់ស្ថាប័នផងក៏ដូចសំរាប់ រាជរដ្ឋាភិបាលផងដែរ។
គួរបញ្ចប់ពាក្យដៀលត្មេះពីមហាជនខ្លះដែលធ្លាប់កើតមានកន្លងមក មកលើគ្រូពេទ្យ១ចំនួនតូចដែលប្រព្រឹត្តខុសឆ្គងទៅលើអ្នកជំងឺ ព្រោះតែលាភសក្ការៈដែលធ្វើឱ្យខូចឈ្មោះពេទ្យខ្មែរទាំងមូល។
ពាក់ពន្ធ័ទៅនឹងរថយន្តគិលានសង្គ្រោះឯកឧត្ដមង៉ូវ កាង បញ្ជាក់ថា៖រថយន្តត្រូវមានបរិក្ខាពេទ្យ បំពាក់គ្រប់គ្រាន់ និងមានគ្រូពេទ្យនៅជាមួយ។មិនអនុញ្ញាតិឲ្យរថយន្តគិលានសង្គ្រោះឯកជនដឹកអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរទេ អាចត្រឹមជួយសង្គ្រោះបឋមមុននឹងដឹកទៅដល់មន្ទីរពេទ្យរដ្ឋដែលមានបរិក្ខាពេទ្យគ្រប់គ្រាន់ជាង។
ឯកឧត្ដមអ៊ីមរ៉ន ហាស្សាន់ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជ
ធានីភ្នំពេញមានប្រសាសន៏ថា៖ការពង្រឹងនឹងចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះបន្ទាន់ខុសពីការណែនាំរបស់ក្រសួងសុខាភិបាលដែលហាមឃាត់មិនអនុញ្ញាតិឱ្យមូលដ្ឋានសុខាភិបាលឯកជនយករថយន្តគិលានសង្គ្រោះបន្ទាន់របស់ខ្លួន ទៅដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ក្រៅពីនេះ ក៏នៅមានឃើញឡានពេទ្យឯកជន១ចំនួនទៀតដែលពុំមានឈ្មោះគ្លីនិក ទៅដឹកជនរងគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវរហូតមានការឈ្លោះប្រកែកដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ ដែលជាកត្តាជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាល។
លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញឲ្យិដឹងថា៖គ្លីនិកឯកជននៅរាជធានីភ្នំពេញមានចំនួន៣៣៧កន្លែងក្នុងនោះគ្លីនិកដែលមានរថយន្តគិលានសង្គ្រោះបន្ទាន់មានចំនួន៨០កន្លែង។ជាគោលការក្រសួងសុខាភិបាលបានណែនាំឲ្យគ្រប់គ្លីនិកត្រូវមានរថយន្តគិលាន សង្គ្រោះបន្ទាន់គ្រប់ទីតាំងគ្លីនិកទាំងអស់ យើងនឹងពិនិត្យលើការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង