ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព

54

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតភូវិលត្រឡប់មកដល់កម្ពុជាវិញហើយ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសំខាន់ចំនួន៣ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំទាំង៣នោះ រួមមាន កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
អញ្ជើញអមដំណើរ សម្តេចធិបតីចូលរួមកិច្ចប្រជុំទាំងនេះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា, រដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជាផងដែរ។
កិច្ចប្រជុំកំពូលទាំងនេះ ធ្វើឡើងដើម្បីពិនិត្យលើសមិទ្ធផលដែលសម្រេចបាន និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។
ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី ក៏មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង