ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះវិហារក្នុងការអញ្ជើញបើកពិធីប្រណាំងទូកបានអំពាវនាវប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិមកទស្សនាឱ្យបានច្រើនកុះករ

40


ព្រះវិហារ៖ពិធីប្រណាំងទូកនៅខេត្តព្រះវិហារបានចាប់ផ្តើមប្រណាំងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្នុងនោះឯកឧត្ដមគីម រិទ្ធី អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ភ្ញៀវអន្តរជាតិអញ្ជើញមកទស្សនាការប្រណាំងទូក និងពិធីកម្សាន្តផ្សេងៗឱ្យបានច្រើនកុះករដោយការប្រណាំងទូក មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រមជាមួយការតាំងពិព័រណ៍ផលិតផលនានា ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការប្រណាំងទូកង និងទូកសហគមន៍ ការតាំងពិព៍ណ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃនេះ ឯកឧត្ដម គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការ អនុគណៈកម្មការ ក្រុមការងាររៀបចំពិធីអុំទូក ការតាំងពិព័រណ៍ ការប្រគុំតន្ត្រីរាំកម្សាន្តសប្បាយ ការបង្ហោះគោម និងអុជកាំជ្រូច និងពិធីផ្សេងៗទៀតដំណើរការបានដោយរលូន អធិកអធម និងជោគជ័យ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំពិធីបើកការប្រណាំងទូកង ទូកសហគមន៍ និងការតាំងពិព័រណ៍ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងទំនប់៩៥ ក្រុងព្រះវិហារ នាឱកាសនេះ គឺបានប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសុខដុមរមនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រតិបត្តិតាមមាគ៌ាមរតកនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រតិបត្តិករដ៏ឆ្នើម និងជាមគ្គទេសក៍ឯកនៃគោលនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
ឯកឧត្ដមគីម រិទ្ធី បានឱ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូកនេះឡើង ក៏ដើម្បីឱ្យខេត្តព្រះវិហារមានភាពអធិកអធមក្នុងឱកាស នៃការប្រារព្ធព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងធានាបាននូវការថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងជំនឿសាសនា ដែលបុព្វបុរសបានបន្សល់ទុកឱ្យបានស្ថិតស្ថិរគង់វង្ស។
ឯកឧត្ដមអភិបាលខេត្តព្រះវិហារបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ភ្ញៀវជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនាការប្រណាំងទូក ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រមជាមួយការតាំងពិព័រណ៍ផលិតផលនានា ការបង្ហោះគោម ការអុជកាំជ្រូច ពិធីដុតក្រឡាន ពិធីដាល់អំបុក ពិធីបណ្តែតប្រទីប ការប្រគុំតន្ត្រីរាំកម្សាន្តសប្បាយ និងការសម្ដែងល្ខោនបាសាក់ឱ្យបានច្រើនកុះករ ជាមួយនឹងការបើកការប្រណាំងទូកជាផ្លូវការចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង