ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាលជាអធិបតីប្រកាសចូលកាន់តំណែងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម,ដោយ ផ្ដាំផ្ញើមន្ត្រីទាំងអស់ កែលម្អទម្លាប់មិនល្អចេញ រួចដាក់ទិសដៅរួមគ្នាបម្រើពលរដ្ឋឲ្យបានល្អ

55


កណ្ដាល៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងនូវចំណុចសំខាន់ នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការ ដែលចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាកសាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាល្អជាមួយអភិបាលស្រុកទើបឡើងកាន់តំណែងថ្មីផងដែរ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ដែលបានធ្វើឡើងដោយវមានការចូលរួមជាអធិបតីពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត។
ក្នុងពិធីនេះឯកឧត្ដម គួច ចំរើន បានជំរុញអភិបាលស្រុកថ្មីដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មី ត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ឯកឧត្ដមអភិបាលខេត្តបានលើកទឹកចិត្ត និងជំរុញក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលស្រុកល្វាឯមថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរឯកឧត្ដមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែង ស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិឃុំមាន សវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។
ឯកឧត្ដមគួច ចំរើន បានអះអាងថាជាពិសេសគណៈអភិបាលស្រុកថ្មី ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការ បែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការការងារជូនគណៈអភិបាលស្រុករបស់ខ្លួន ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៧ សណន ចុះថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដើម្បីបំពេញភារកិច្ច បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង