រដ្ឋបាលរាជធានីធ្វើការជីកកប់ សាងសង់បង្គន់អនាម័យ និងដាក់ពង្រាយបង្គន់អនាម័យចល័ត ,តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដេីម្បីទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖មន្ត្រីជំនាញថា៖រយៈពេលកន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានមមាញឹកក្នុងសកម្មភាព ជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដេីម្បីលេីកកម្ពស់សោភណ្ឌ័ភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាតហើយនឹងរួចរាល់ទាំងស្រុងនាថ្ងៃទី១២វិច្ឆិកាស្អែកនេះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាជាពិសេសក្នុងបំណងលេីកកម្ពស់មុខមាត់របស់ប្រទេសជាតិតែម្តង ។
ជាក់ស្ដែងសម្រាប់មួយផ្នែកនៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំរុកជីកកប់សាងសង់បង្គន់អនាម័យនិងបន្ទប់ទឹក និងពង្រាយបង្គន់អនាម័យចល័ត ព្រមទាំងធ្វើការជួសជុលតុបតែងកែលម្អ នៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដេីម្បីត្រៀមទទួលកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១វិច្ឆិកា២០២៤នេះថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ ដោយអនុវត្តអនុសាសន៌នេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំរុកធ្វើការជីកកប់សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹក ព្រមទាំងពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋ ។ លោកបានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)
លោកប្រធានបានឱ្យដឹងទៀតថា ក្រុមការងារបានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់
លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) ដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ១២០ស្លាក ត្រៀមកម្លាំងសម្រាប់បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។ លោកបន្តថា ចំពោះការងារជួសជុលក្រានីតនិងការ៉ូឡាក្រុមការងារបានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បានបញ្ជាក់ថា មកដល់ពេលនេះការងាររៀបចំបង្គន់ចំនួន ៣០០ បង្គន់ និងបន្ទប់ងូតទឹកចំនួន ២០០ បន្ទប់ទឹក នៅតំបន់ A និងB នៅលើដី OCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់ D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច ១០០% លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន ១០០% ការងារកាប់ និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន ១០០% កាត់ស្មៅ និងផ្កា នៅតាមសួនសំខាន់ៗ ការងារហ៊ុំខ្សែការពារសួនច្បារ សម្រេចបាន ១០០%លាបថ្នាំបង្គោលភ្លើងថ្ម និងបង់អង្គុយ សម្រេចបាន ១០០% កាត់តៃមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន ១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន ១០០% ព្រមទាំងដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ៕