ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ អំពាវនាវឱ្យបណ្ដេញអ៉ីស្រាអែល ចេញពីអង្គការសហប្រជាជាតិ ក្រោយការវាយប្រហារនៅស៊ីរី

46

តេហេរ៉ង់៖ក្រសួងការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មហាមលក់ ឬផ្ដល់អាវុធឱ្យអ៉ីស្រាអែល ព្រមទាំងបណ្ដេញអ៉ីស្រាអែលចេញពី អង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសមួយនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថាទីក្រុងតេហេរ៉ង់ ថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារឈ្លានពានរបស់របប Zionist (អ៉ីស្រាអែល) ប្រឆាំងនឹងអគារស្នាក់នៅមួយកន្លែង ក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហារតាមផ្លូវអាកាសលើអគារមួយដែលគេជឿជាក់ថាជាកម្មសិទ្ធិរបស់ ក្រុមហេសបូឡា នៅលីបង់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានសម្លាប់មនុស្ស៩នាក់ ក្នុងនោះរួមមានមេបញ្ជាការក្រុមហេសបូឡាម្នាក់ផងដែរ។
លោក Baghaei បានអំពាវនាវឱ្យការចាត់វិធានការប្រឆាំងអ៉ីស្រាអែល ក្នុងនោះរួមមានការដាក់ទណ្ឌកម្មអាវុធ និងការបណ្ដេញអ៉ីស្រាអែលចេញពីអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសរាប់រយលើកនៅក្នុងប្រទេសស៊ីរី ដោយមានគោលដៅលើទីតាំងស្ដុកអាវុធ និងក្រុមអ្នកប្រយុទ្ធ គាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះមានទាំងហេសបូឡា។ អាជ្ញាធរអ៉ីស្រាអែលកម្រនឹងទទួលស្គាល់ ឬធ្វើការអត្ថាធិប្បាយណាស់ចំពោះការវាយប្រហារ ប៉ុន្តែបាននិយាយម្ដងហើយម្ដងទៀតថាខ្លួន នឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់ដែលជាសត្រូវពង្រីកវត្តមាននៅក្នុងប្រទេសស៊ីរីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង