ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋអាជ្ញាបារាំង ស្នើហាមឃាត់មេដឹកនាំស្តាំនិយម លោកស្រី Marine Le Pen មិនឱ្យអាចឈរឈ្មោះបោះឆ្នោត ខណៈលោកស្រី ត្រូវគេជឿថា អាចនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧

51


ក្រុងប៉ារីស៖កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមរដ្ឋអាជ្ញានៅប្រទេសបារាំង បានស្នើឱ្យមេដឹកនាំស្តាំនិយម លោកស្រី Marine Le Pen ត្រូវរកឃើញថា ពិតជាមានទោសពី បទលួចបន្លំមូលនិធិរបស់សភាអឺរ៉ុប ហើយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ព្រមទាំងជាប់បម្រាម មិនអាចឈរឈ្មោះបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី Le Pen រួមទាំងគណបក្សស្តាំនិយមរបស់លោកស្រីគឺ National Rally និងបុគ្គល២៤នាក់ទៀត រួមមានសមាជិកបច្ចុប្បន្ន ក៏ដូចជា អតីតសមាជិកនៃសភាបារាំង និងសភាសហភាពអឺរ៉ុប រងការចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិសភាអឺរ៉ុបដោយខុសច្បាប់ តាមរយៈការយកថវិកាទាំងនោះ ទៅប្រើសម្រាប់កិច្ចការរបស់បក្សលោកស្រីផ្ទាល់ ជាជាងកិច្ចការសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៦។ លោកស្រី Le Pen និងសហចុងចោទដទៃទៀត សុទ្ធតែបានបដិសេធការចោទប្រកាន់។
កាលពីថ្ងៃពុធ ក្រុមរដ្ឋអាជ្ញាបារាំង បានស្នើថា លោកស្រី Le Pen គួរទទួលរងការដាក់ទោសទណ្ឌធ្ងន់ជាងគេ ដ្បិតលោកស្រីគឺជា សមាជិកសភាអឺរ៉ុបផង និងជាប្រធានគណបក្សផង អំឡុងពេលដែលបទល្មើសទាំងនោះមួយចំនួន ត្រូវបានប្រព្រឹត្ត។ ពួកគេបានស្នើឱ្យ ចៅក្រមផ្តន្ទាទោសដាក់ពន្ធនាគារលោកស្រី រយៈពេល៥ឆ្នាំ ក្នុងនោះ៣ឆ្នាំអាចត្រូវព្យួរបាន ហើយពិន័យជាប្រាក់៣០០,០០០អឺរ៉ូ។ សម្រាប់បម្រាមហាមឃាត់ឈរឈ្មោះបោះឆ្នោត ដែលមានរយៈពេល៥ឆ្នាំ នឹងមានសុពលភាពហួសឆ្នាំ២០២៧ ជាពេលដែល ការបោះឆ្នោតប្រធានាធិបតីបារាំង ត្រូវបានកំណត់ថា នឹងរៀបចំឡើង។
អ្វីដែលសំខាន់ គឺក្រុមរដ្ឋអាជ្ញាបារាំង បានស្នើឱ្យការផ្តន្ទាទោស ត្រូវអនុវត្តភ្លាមៗតែម្តង ក្រោយពេលតុលាការប្រកាសសាលក្រម ទោះបីជាលោកស្រី Le Pen សម្រេចប្តឹងឧទ្ធរណ៍ក៏ដោយ។ ការប្រកាសសាលក្រមសំណុំរឿងនេះ ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនាអំឡុង ដើមឆ្នាំ២០២៥។
គួរបញ្ជាក់ថា លោកស្រី Marine Le Pen ធ្លាប់ឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីបារាំង សរុបចំនួន៣លើក។ ក្នុង ការបោះឆ្នោតប្រធានាធិបតីលើកចុងក្រោយ កាលពីឆ្នាំ២០២២ លោកស្រី បានទទួលបរាជ័យ ក្រោមដៃលោក Emmanuel Macron ក្នុងសំឡេង៥៨.៥៥ភាគរយ ទល់នឹង៤១.៤៥ភាគរយ។ យ៉ាងណាមិញ ក្រោយការបោះឆ្នោតសភាឆ្នាំ២០២៤នេះ គណបក្សរបស់លោកស្រី Le Pen ឥឡូវគឺជាបក្សធំជាងគេ ក្នុងចំណោមគណបក្សជាច្រើននៅក្នុងសភាបារាំង ហើយលោកស្រី ត្រូវមនុស្សជាច្រើនជឿថា ទំនងជាអាច នឹងឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង