ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ​ទី​ពីរ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ប្រជាពលរដ្ឋ​ និង​អ្នកទេសចរ​បរទេស​អញ្ជើញ​ចូល​លេង​កម្សាន្ត​មាន២លាន២សែនកេីនលេីស២ដងបេីប្រៀប​ធៀប​ទៅនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១

7

ភ្នំពេញ​៖​ លោកស្រី ដោ សម្ផស្ស​នាយិកា​រងរដ្ឋបាល​ និង​ជាអ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹងនាយប់ថ្ងៃទី១៥វិច្ឆិកានេះថា​  នាថ្ងៃ​ទី​ពីរ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះខែ​ អកអំបុក​ ឆ្នាំ​២០២៤នេះ​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ និង​អ្នកទេសចរ​បរទេស​អញ្ជើញ​ចូល​លេង​កម្សាន្ត​ប្រកបដោយ​ភាព​រីករាយ​ ក្រោម​ម្លប់​សន្តិភាព​ សរុប​ប្រមាណ​ជាង​ ២លាន​២សែននាក់​ កេីន​ឡេីង​លេីសថ្ងៃ​ទីមួយ​ ចំនួន២ដង​។

លោកស្រីបន្តថា៖ដោយឡែក​ចំពោះ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ​គឺ​មិនមាន​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ​ ស្ថានភាពល្អក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី​ឯកឧត្តម​ ឃួង​ ស្រេង​អភិបាល​នៃ​គណអភិបាលរាជធានីភ្នំពេញ​ រួម​ជាមួយថ្នាក់ជាតិ​ និង​កងកម្លំាង​ និង​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​ប៉ុន្តែគ្រាន់​តែ​មាន​ករណី​វង្វេង​បាត់​កូនចៅ​មួយចំនួន​តូច​ តែ​ត្រូវ​បាន​ក្រុម​ការងារ​តាម​គោលដៅ​ប្រេីប្រាស់​មធ្យោបាយ​ទាក់ទង​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ស្វែង​រក​ឪពុក​ម្តាយ​ ឬ​​ឃើញ​វិញ​ និង​បាន​ប្រគល់​ជូន​វិញ​រួច​ហើយ​ដែរ។

គួររំលឹកថា​ កាលពី​​ថ្ងៃទី​១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ​ មានបងប្អូនប្រជាពលរដ្ឋខ្មែរ​ និង​ជនបរទេស​ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនា​កម្សាន្ត​ប្រកបដោយទឹកមុខសប្បាយរីករាយ​ក្រោមម្លប់នៃ​សន្តិភាព​ ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ

ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ  រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ផងដែរ។

ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។

ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង