“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” សៀវភៅ និយាយពីដំណើរតស៊ូ ដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់ សម្តេច ហេង សំរិន បានសម្ពោធ និងផ្សព្វផ្សាយ
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ ២០១៨ បានរៀបចំពិធីសម្ពោធ និងផ្សព្វផ្សាយ សៀវភៅកំណត់ហេតុ ស្តីពីការតស៊ូរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងដំណើររំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត ការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញក្រោយភ្លើងសង្រ្គាមបានរលត់ទៅ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ ឡើងវិញ” បានចងក្រងជាភាសាអង់គ្លេស បង្ហាញពីការពិតនៃសង្គ្រាមនៅកម្ពុជា ដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សា ឈ្វេងយល់ពី ប្រវត្តិសាស្រ្តកម្ពុជា។ ជាប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជាឡើងវិញ ក្រោយរបបប្រល័យ ពូជសាសន៍ ប៉ុល ពត បានរលំទៅ ក្នុងរយៈពេល ៤០ឆ្នាំ កន្លងមកនេះ។ ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយ ក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយ ឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា“ ដែលក្រោយមកបាន ប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងសមាជមួយ នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែល សម្តេច ហេង សំរិន បានប្រកាសផែនការ ១១ចំណុច ក្នុងការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ១៤រូប ដែលនៅរស់រានមានជីវិត ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា ឯកឧត្តម រស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់ រាជរដ្ឋាភិបាល និង ឯកឧត្តម ចាន់ វ៉ែន អតីតអគ្គលេខាធិការរងរដ្ឋសភាជាដើម។ ការសម្ពោធនិងផ្សព្វផ្សាយសៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” នៅពេលនេះ ស្របពេលដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នឹងប្រារព្ធខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស នៅស្តូប អនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះ ដែលមានមហាជនរាប់ម៉ឺននាក់ចូលរួមផងដែរ។
លោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដែលជាសាក្សីរស់ម្នាក់ នៅក្នុងការបង្កើតចលនាតស៊ូ ២ធ្នូ ដែលបានរំដោះប្រទេសជាតិ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានរំលឹកអនុស្សាវរីយ៍ដ៏លំបាកលំបិន ក្នុងការបង្កើតកម្លាំងមហាជន ដើម្បីរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប៉ុលពត។
លោកស្រី បានមានប្រសាសន៍ទាំងទឹកភ្នែកនៅក្នុងការរំលឹកដល់វីវរៈភាពរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកជំទាវបានគូសបញ្ជាក់ថា សម្តេចទាំងបី បានលះបង់ជីវិត លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីប្រទេសជាតិ និងប្រជាជន។
លោក វង សូត បានមានប្រសាសន៍លើកឡើងពីសកម្មភាពតស៊ូរបស់ សម្តេច ហេង សំរិន ដែលសម្តេច បានចំណាយពេលវេលាសឹងពេញមួយ ជីវិតដើម្បីប្រទេសជាតិ។ លោកបានគូសបញ្ជាក់ថា សៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” គឺជាឯកសារសំខាន់មួយសម្រាប់មនុស្ស ជំនាន់ក្រោយសិក្សាស្វែងយល់ពីអតីតកាលរបស់កម្ពុជា។ សៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” បានបង្ហាញពីការបង្កើតចលនា មហាជន២ធ្នូ និងផលលំបាកគ្រប់ជំពូកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក។ សៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” បានរៀបចំបោះពុម្ពផ្សាយដោយក្រុម ហ៊ុន EDM Books នៅប្រទេសសិង្ហបូរី និងធ្វើការចែកផ្សាយនៅកម្ពុជា ដោយ Monuments Books។ ដោយឡែកការចែកចាយនៅក្រៅប្រទេសកម្ពុជា គឺតាមរយៈ APD សឹង្ហបូរី និងបណ្តាញសៀវភៅជាតិក្នុងសហរដ្ឋអាមេរិក។ សៀវភៅថ្មីនេះ ក៏នឹងអាចរកទិញបានផងដែរនៅតាម Amazon.com នាដើមឆ្នាំ២០១៩។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានថ្លែងបើកពិធី សម្ពោធ និងផ្សព្វផ្សាយ សៀវភៅនេះបានមានប្រសាសន៍ថា សៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” ជាសក្ខីភាពបង្ហាញអោយមតិជាតិ និងអន្តរជាតិ បានដឹងពីបុព្វហេតុដើម្បីប្រទេសជាតិនិងប្រជាជនរបស់ឥស្សរជនស្នេហាជាតិកម្ពុជា ដែលមានសម្តេចពញាចក្រី ជាដើមនោះ។
លោក បានលើកឡើងថា សម្តេច ហេង សំរិន ជាវីរៈបុរសស្នេហាជាតិពិតប្រាកដម្នាក់ ដែលបានខិតខំរំដោះ និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមក ពោលគឺ ពេញមួយជីវិតរបស់សម្តេច គឺតស៊ូដើម្បីប្រទេស និងប្រជាជន ហើយវីរៈភាពទាំងនោះ បានកត់ត្រាទុកនៅក្នុងសៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” នេះ៕