ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីចិនព្រមានសហរដ្ឋអាមេរិកថា កុំឱ្យចូលលូកដៃពាក់ព័ន្ធ ក្នុងបញ្ហាវិវាទទ្វេភាគី ជុំវិញទីប្រជុំកោះ និងថ្មប៉ប្រះទឹកនៅឯ សមុទ្រចិនខាងត្បូង ឬធ្វើសកម្មភាពបង្កហេតុផ្សេងៗ នៅក្នុងតំបន់នោះឱ្យសោះ

12

លីម៉ា៖អំឡុងជំនួបកាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា នៅក្នុងប្រទេសប៉េរូ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់ទៅកាន់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ គឺជាបន្ទាត់ក្រហមសម្រាប់ចិន ហើយមិនត្រូវរំលងឬប្រឆាំងជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ស៉ី ថែមទាំងបានព្រមានសហរដ្ឋអាមេរិកថា កុំឱ្យចូលលូកដៃពាក់ព័ន្ធ ក្នុងបញ្ហាវិវាទទ្វេភាគី ជុំវិញទីប្រជុំកោះ និងថ្មប៉ប្រះទឹកនៅឯ សមុទ្រចិនខាងត្បូង ឬធ្វើសកម្មភាពបង្កហេតុផ្សេងៗ នៅក្នុងតំបន់នោះឱ្យសោះ។ ទន្ទឹមគ្នានេះ លោក ស៉ី ក៏បានបន្តប្រាប់លោក បៃដិន ថា ចិននិងសហរដ្ឋអាមេរិក មុខជានឹងពិបាកក្នុងការរក្សាទំនាក់ទំនងឱ្យល្អ ដោយសារការប្រកួតប្រជែងគ្នា ប៉ុន្តែអាចបង្កើនភាពរីកចម្រើននៃទំនាក់ទំនងបាន តាមរយៈការប្រព្រឹត្តដាក់គ្នាទៅវិញទៅមក ក្នុងនាមជាដៃគូនិងមិត្តភក្តិ។

គួរបញ្ជាក់ថា ចំណែកលោក បៃដិន វិញ បានប្រាប់លោក ស៉ី ថា ការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន មិនគួរប្រែក្លាយ ទៅជាជម្លោះរវាងមហាអំណាចទាំងពីរឡើយ។ ជំនួបទ្វេភាគីរវាងលោក បៃដិន និងលោក ស៉ី ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសប៉េរូ ហើយទំនងជាលើកចុងក្រោយផងដែរ សម្រាប់លោក បៃដិន ដ្បិតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវត្រឡប់មកដឹកនាំសហរដ្ឋអាមេរិក សាជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ក្រោយជាប់ឆ្នោតម្តងទៀត ក្នុងខែវិច្ឆិកានេះ៕

អត្ថបទដែលជាប់ទាក់ទង