ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមបណ្ឌិត លី ធុជ៖ វៀតណាមឯកភាពចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាកិច្ចការដ៏សំខាន់ជាសកលឆ្ពោះ ទៅរកពិភពលោកមួយដែលគ្មានមីន

10


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯកLe Quang Hop អគ្គនាយក រងអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីលោក Juan Carlos Ruan ប្រធានអង្គភាពគាំទ្រការ អនុវត្តអនុសញ្ញាអូតាវ៉ា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមតំណាង រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអរគុណ និងទទួលស្គាល់ចំពោះការគាំទ្ររបស់វៀតណាម មកលើកម្ពុជា ក្នុងការរួមចំណែកការកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងសូមអរគុណវៀតណាមចំពោះការបញ្ជូនគណៈប្រតិភូ វៀតណាម មកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខ នេះ។
ឯកឧត្ដមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គររបស់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាកាយវិការដ៏សំខាន់មួយនៅក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
ឯកឧត្ដមបណ្ឌិត លី ធុជ បានអរគុណវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបោសសម្អាតមីន ដែលស្របតាមគោលការណ៍ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញាអូតាវ៉ានេះ នឹងផ្ញើសារដ៏រឹងមាំទៅកាន់ពិភពលោក និងជំរុញប្រជាជាតិដទៃទៀតចូលរួមអនុសញ្ញានេះ និងរួបរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យប្រទេសវៀតណាមគាំទ្រអនុសញ្ញានេះ ដោយបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការ អនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស និងដើរតួនាទីយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីន។
លោកវរសេនីយ៍ឯក Le Quang Hop បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបញ្ជាក់នឹងរាយការណ៍អំពីសំណើរបស់កម្ពុជាទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ ទន្ទឹមនឹងនោះ វៀតណាម រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ហើយបញ្ជាក់ជាថ្មីថា ទោះបីជាវៀតណាមមិនមែនជារដ្ឋភាគីនៃអនុសញ្ញាក៏ដោយ ក៏វៀតណាមប្រកាន់ខ្ជាប់នូវគោល ការណ៍នៃអនុសញ្ញានេះដែរ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង