មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា
ភ្នំពេញ៖នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិន បានអញ្ជើញទទួលស្វាគមន៍លោក ស៊ី ហុងឆាយ (XU HONGCAI) ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូគ្រោងចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយលោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយលោក ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអញ្ជើញទស្សនាព្រះបរមរាជវាំងផងដែរ៕