ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សីគំរាមសងសឹក ប្រសិនបើអ៊ុយក្រែនបាញ់មីស៊ីលអាមេរិក ចូលក្នុងទឹកដីរុស្ស៉ី

11


អូដេសា, អ៊ុយក្រែន៖វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាបាន និងកំពុងបង្កើនជម្លោះនៅក្នុង សង្រ្គាមអ៊ុយក្រែន ភ្ជាប់ជាមួយការសន្យាសងសឹកទៅនឹងរាល់ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិកពីសំណាក់អ៊ុយក្រែន ដើម្បីវាយប្រហារ លើគោលដៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ភាពតានតឹងពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើគោលដៅយោធាស្ថិតក្នុងទឹកដីរុស្ស៉ី បានកើតឡើង ចំពេលទីក្រុងមូស្គូបើកការវាយប្រហារតាមផ្លូវអាកាសលើកទី២ ក្នុងរយៈពេល២ថ្ងៃលើទីក្រុងអូដេសា (Odesa) របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ១០នាក់ និង៥៥នាក់រងរបួស។ នេះបើតាមអាជ្ញាធរអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារដ្ឋបាលលោក បៃដិន មានចេតនា ហើយកំពុងបន្តដុតបញ្ឆេះ និងបង្កើនជម្លោះក្នុងសង្រ្គាមអ៊ុយក្រែន។ លោក Peskov ក៏បានលើកឡើងជាថ្មីផងដែរពីការគំរាមរបស់លោក ពូទីន កាលពីខែកញ្ញាកន្លងទៅថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្របទៅនឹងរាល់ការប្រើ មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិកពីសំណាក់អ៊ុយក្រែន ដើម្បីវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក អាវុធដែលអ៊ុយក្រែនអាចនឹងប្រើដើម្បីវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី នោះគឺមីស៊ីល ATACMS ដែលអាចបាញ់បានចម្ងាយ ៣០៦គីឡូម៉ែត្រ។ ការផ្លាស់ប្ដូរចិត្តរបស់លោក បៃដិន នៅពេលនេះដែរ កើតមានឡើងក្រោយកូរ៉េខាងជើង ត្រូវបានរាយការណ៍ថាបានបញ្ជូនអាវុធ និងកងទ័ពជាង ១០ ០០០នាក់ ទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង