សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ
ភ្នំពេញក្នុងសារមួយបង្ហាញអំពីការចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរជូន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តាមរយៈបណ្តាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមអធិ បតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានសមាជិកសភាសរុប១១២រូបចូលរួម។ កិច្ចប្រជុំមានរបៀបវារៈចំនួន៤ ក្នុងនោះរបៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន០២រូប។
ឯកឧត្ដមប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ស្នើឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើតែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសឡើងវិញ ដែលជាតំណែងចាស់របស់ឯកឧត្ដមក្នុងចុងអាណត្តិទី៥ និងទី៦។
ការបោះឆ្នោតគាំទ្រឯកឧត្ដមប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតគាំទ្រ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តីផងដែរ។
ឯកឧត្ដមប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ឯកឧត្ដមត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ឯកឧត្ដមក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦៕