សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសមានអ្នកនយោបាយប្រឆាំងជ្រកកោណ ពិនិត្យឡើងវិញចំពោះសកម្មភាពពួកគេ ដែលបំផុសឱ្យប្រជាពលរដ្ឋបះបោរ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ប្រទេសជាមិត្ត ដែលមានក្រុមអ្នកនយោបាយប្រឆាំងជ្រកកោណនៅក្នុងប្រទេសទាំងនោះ ជួយពិនិត្យមើលឡើងវិញចំពោះសកម្មភាពរបស់ពួកគេ ដែលបំផុសឱ្យប្រជាពលរដ្ឋបះបោរខុសនឹងព្រំដែនច្បាប់ ដោយសូម្បីតែប្រទេសដែលគាត់កំពុងរស់នៅនោះក៏មិនអាចទទួលបាន។
ការថ្លែងអំពាវនាវបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «នៅក្រៅប្រទេសលោកជំទាវ ឯកឧត្តមអគ្គរដ្ឋទូត រាជទូត យើងមាននាយករដ្ឋមន្ត្រីនិរទេសមួយរូប មានតែម្នាក់ឯងទេក្នុងរដ្ឋាភិបាលរបស់គាត់នៅប្រទេសលោកខាងលិច ប្រកាសខ្លួនឯងជានាយករដ្ឋមន្រ្តី តែម្នាក់ឯងគត់លោក សម សារី។ ឥលូវមានការចង់បង្កើតរដ្ឋាភិបាលនិរទេសផ្សេងទៀតនៅក្រៅប្រទេស តើបែបនេះស្របច្បាប់នៅប្រទេសប្រជាធិបតេយ្យឬយ៉ាងណាខ្ញុំមិនដឹងទេ។ ជាពិសេសកុំមកបំផុសធ្វើសកម្មភាពដូចថ្ងៃទី១៨ សីហា រៀបចំការបះបោរហិង្សារផ្ដួលរដ្ឋាភិបាល សូមកុំយករឿងអស់នេះទៅដុតប្រទេសតាមរយៈការបំផុសប្រជាពលរដ្ឋ ឱ្យយល់ច្រឡំហើយរុញ។ ខ្ញុំសូមឱ្យប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យដែលផ្អែកលើច្បាប់សូមណែនាំទៅអ្នកនោះផង ជាពិសេសកំពុងតែមានមូលដ្ឋាធ្វើសកម្មភាពនៅក្នុងប្រទេសអស់ហ្នុង ថាកុំឱ្យបំផុសឬធ្វើអីខុសពីព្រំដែនច្បាប់ ដែលសូម្បីតែនៅប្រទេសដែលពួកគាត់កំពុងនៅក៏មិនអាចទទួលបាន»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការស្នើបែបនេះធ្វើឡើងដើម្បីពង្រឹងមិនមែនជាការគំរាមនោះទេ តែដើម្បីធានានូវស្ថេរភាព ធានានូវដំណោះស្រាយ ដើម្បីផលប្រយោជន៍ជាតិ ហើយកុំយករឿងបែបនេះ មកបំផុសប្រជាពលរដ្ឋដើម្បីជម្រុញរឿងអ្វីផ្សេង។ សម្ដេចមហាបវរបានសង្កត់បន្ថែមទៀតថា៖ «រដ្ឋាភិបាលមិនអនុញ្ញាតឱ្យអ្នកជ្រុលនិយមមួយក្ដាប់តូចធ្វើឱ្យបាត់បង់ស្ថេរភាព សន្តិភាពក្នុងប្រទេសបាននោះទេ»៕