សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និងប្រមូលចំណូលចូលថវិកាជាតិ ជិត៩០លានដុល្លារ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ដែលក្នុងនោះ ចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិ ជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ព្រមទាំងបានផ្តល់ការងារផ្ទាល់ ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋ»។
ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណ ដល់ម្ចាស់អាជីវកម្មរ៉ែ ដែលបានយក ចិត្តទុកដាក់លើសុវត្ថិភាព ជាពិសេសការលើកកម្ពស់សុខុមាលភាព និយោជិតកម្មករ ដែលបម្រើការងារនៅក្នុងការដ្ឋានរ៉ែរបស់ខ្លួន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបន្ដយកចិត្ដទុកដាក់ លើការលើកកម្ពស់សុខុមាលភាព និយោជិតកម្មករ ដែលគោរពទៅតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ផលប្រយោជន៍ ជូននិយោជិតកម្មករឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យរ៉ែ ឲ្យកាន់តែមានការរីកចម្រើន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ដ និងណែនាំបន្ថែម ដូចខាងក្រោម៖
ទី១៖ ក្រសួងរ៉ែ និង ថាមពលត្រូវបន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ (Potential Mineral Map) និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ (Rare Earth) ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម។ ជំរុញបញ្ចប់ការរៀបចំ កំណត់តំបន់ (Zoning) ដែលអាចធ្វើអាជីវកម្ម រ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះ ឱ្យទទួលបានលទ្ធផលល្អ។
ទី២៖ ក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណ ក្នុងតំបន់ព្រៃឡង់ ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្លៀលចេញពីដែនអាជ្ញាបណ្ណ ធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មី នៅតំបន់ព្រៃឡង់នេះ។
ទី៣៖ ក្រសួងរ៉ែ និង ថាមពល ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយ ចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែ ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មខុសច្បាប់ និង អនាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឹងម៉ាត់ជាទីបំផុតនូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៤៖ ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រង សុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្តុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់៕