សហរដ្ឋអាមេរិក បោះឆ្នោតវេតូ ប្រឆាំងដំណោះស្រាយ UN ស្ដីពីបទឈប់បាញ់ហ្កាហ្សា
ក្រុងវ៉ាស៊ីនតោន៖សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់ហ្កាហ្សា ជំរុញឱ្យ មានការរិះគន់សាជាថ្មីលើរដ្ឋបាលលោក ចូ បៃដិន ដែលជាថ្មីម្ដងទៀតនៅតែបន្តរារាំងសម្មភាពជាអន្តរជាតិសំដៅបិទបញ្ចប់សង្រ្គាមរបស់អ៉ីស្រាអែលជាមួយហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតលើដំណោះស្រាយមួយស្នើឡើងសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ ដើម្បីបិទបញ្ចប់ជម្លោះអូសបន្លាយពេលជាង១៣ខែមកនេះ ខណៈនោះក៏បានអំពាវនាវដាច់ដោយឡែកឱ្យមានការដោះលែងចំណាប់ខ្មាំងផងដែរ។ នៅក្នុងចំណោមសមាជិកទាំង១៥ មានតែសហរដ្ឋអាមេរិកម្នាក់ឯងគត់ ដែលបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយនេះ។
អគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN លោក Robert Wood បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ យ៉ាងច្បាស់រួចហើយថាខ្លួននឹងគាំទ្រតែលើដំណោះស្រាយណាដែលអំពាវនាវច្បាស់ៗឱ្យមាន ការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ជាផ្នែកមួយនៃបទឈប់បាញ់តែប៉ុណ្ណោះ។ «ការបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ត្រូវតែធ្វើឡើងជាមួយការដោះលែងចំណាប់ខ្មាំង។ គោលដៅទាំង២នេះគឺមាន ទំនាក់ទំនងមិនអាចផ្ដាច់ចេញពីគ្នា។ ប៉ុន្តែដោះស្រាយនេះបានបោះបង់ចោលភាពចាំបាច់ និងហេតុទាំងនេះ ដូច្នេះសហរដ្ឋអាមេរិកមិនអាចគាំទ្រដំណោះស្រាយនេះបានទេ»។ នេះជាការគូសបញ្ជាក់ របស់លោក Robert Wood។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ ដើម្បីប្រឆាំងនឹងដំណោះស្រាយ UN ស្ដីពីបទឈប់បាញ់ហ្កាហ្សា ដោយលោកប្រធានាធិបតី ចូ បៃដិន ដែលនឹងត្រូវចុះចេញពី តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ បានផ្ដល់ឱ្យអ៉ីស្រាអែលនូវការគំាទ្រផ្នែកការទូតយ៉ាងរឹងមាំ ខណៈម្ខាងបន្តផ្ដល់អាវុធឱ្យអ៉ីស្រាអែលបន្តធ្វើសង្រ្គាម រីឯម្ខាងទៀតបន្តព្យាយាមសម្របសម្រួលឱ្យមាន បទឈប់បាញ់រវាងអ៉ីស្រាអែល និងហាម៉ាស៕