ឯកឧត្ដមហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងឯកឧត្ដម ប៉ែន កុសល្យ ជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ឯកឧត្ដមហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងឯកឧត្ដមប៉ែន កុសល្យ ជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នៅមន្ទីរគណបក្សខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជនទូទាំងខេត្ត សរុបប្រមាណ ២៤០នាក់ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្ដមប្រធានគណៈប្រចាំការ និងការប្តេជ្ញាចិត្តរបស់លោក ប្រធានគណៈចលនាមហាជនខេត្តដែលទើបតែទទួលបានការតែងតាំងថ្មី រួចមកឯកឧត្ដមហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ រួមទាំងសម្រេចបាននូវសមិទ្ធផលនានានៅក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្ដមហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី២០២៣ ដែលកើតចេញពីការជឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ក្នុងការនាំយកជ័យជំនះជូនគណបក្ស។
ឯកឧត្ដមបានលើកឡើងនូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបានដោយបានគូសបញ្ជាក់ថា សមិទ្ធផលនៃការដឹកនាំរាជរដ្ឋាភិបាលរយៈពេល១ឆ្នាំ ៣ខែកន្លងមកនេះ បានបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងច្បាស់ក្នុងការថែរក្សា និងបន្តបេសកកម្មដឹកនាំប្រទេសជាតិ ក្រោមម្លប់នៃសុខសន្តិភាព។
ឯកឧត្ដម ហ៊ុន ម៉ា នៅបានអំពាវដល់សមាជិក សមាជិកាបក្សទាំងអស់ឲ្យបន្តរក្សានូវអំពើល្អ ភាពជិតស្និត និងផ្ដល់ភាពកក់ក្ដៅជូនប្រជាជនគ្រប់កាលៈទេសៈ ដើម្បីរក្សាបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕