ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិរយៈពេល៤ថ្ងៃ
ភ្នំពេញ៖នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភានៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ពិធីបើកសម័យប្រជុំជាផ្លូវការ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។
នៅក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្ត នយោបាយឈ្នះ-ឈ្នះ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយនឹង ភាគីពាក់ព័ន្ធ។
សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា២វគ្គ
១៖ ពិភាក្សាអំពី ការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។
២៖ ពិភាក្សាអំពី ការពង្រឹងពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។
ទន្ទឹមនឹងនេះ អាយភីធីភី គ្រោងនឹងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញសន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗចំនួន៥ ជាអាទិ៍ ១. ការទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥.សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថនៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងអំឡុងពេលសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះរួមមាន៖ ១.កិច្ចប្រជុំ គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា ២.កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ៣.កិច្ចប្រជុំ គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន ៤. កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៥. កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។
ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក អាយភីធីភី មួយចំនួនផងដែរ។
ពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរធម្មនុញ្ញសន្តិភាព នឹងត្រូវធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងមានការប្រគល់ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និង ភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោក ផងដែរ។
សូមជម្រាបថា អាយភីធីភី គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ អាយភីធីភី គឺជាវេទិកាសម្រាប់ សមាជិកសភា ដើម្បីពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ អាយភីធីភី ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨៕