លោក គីម ជុងអ៊ុន ព្រមានពីសង្រ្គាមនុយក្លេអ៊ែរ ខណៈចោទអាមេរិកថាបង្កើនភាពតានតឹង
សេអ៊ូល៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើនភាពតានតឹង និងបង្ករឿង ដោយនិយាយថាតំបន់ឧបទ្វីបកូរ៉េមិនដែលធ្លាប់ ប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដូចសព្វថ្ងៃនេះនោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថានៅឯពិព័រណ៍យោធាមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានទទួលស្គាល់ថាបទពិសោធន៍នៃកិច្ចចរចារបស់លោកកន្លងមក ជាមួយសហរដ្ឋអាមេរិក បានត្រឹមតែបង្ហាញឱ្យរូបលោកបានឃើញកាន់តែច្បាស់ពីគោលនយោបាយឈ្លានពាន និងអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ។ «ពីមុនមកមិនដែលមាន ភាគីសង្រ្គាមនៅលើឧបទ្វីបកូរ៉េ ប្រឈមមុខគ្រោះថ្នាក់ដូចសព្វថ្ងៃនេះនោះទេ ហើយការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់អាចនឹងផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរដ៏មហាប្រល័យជាទីបំផុត»។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា អំឡុងអាណត្តិទី១ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ លោក គីម និងលោក ត្រាំ បានជួបគ្នាចំនួន៣លើក ក្នុងនោះរួមមានកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅវៀតណាម ព្រមទាំងតំបន់ព្រំដែនអន្តរកូរ៉េកាលពីឆ្នាំ២០១៩។ ប៉ុន្តែ ជំនួបការទូតទាំងនេះបានទទួលបរាជ័យ ដោយសារតែការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក ដែលចង់ឱ្យ កូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងការទាមទាររបស់លោក គីម ឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ច៕