សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាត ICAPP លើកទី១បានរម្លឹកសារទៅកាន់អតីតអគ្គលេខាធិការ UN យ៉ាងច្បាស់ៗថា «ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ»
7396464ced30468baddec2d08791c7c5
ភ្នំពេញ៖នៅចំពោះមុខតំណាងគណបក្សនយោបាយមួយចំនួន នៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានរំលឹកថា «ខ្ញុំបានប្រាប់ទៅអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) យ៉ាងច្បាស់ៗថា ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមនេះបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ ត្រូវចងចាំថាការរួមចំណែករបស់ បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្តី ឬរហូតដល់អង្គការសហប្រជាជាតិក្តី កុំភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួន»។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។
ការគូសបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វឡើងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ យើងប្រហែលជាអន្តរាយរួចស្រេចទៅហើយក្រោមរបៀបវារៈនយោបាយស្តីពីការកាត់ទោសខ្មែរក្រហម ដោយមិនបាន គិតទៅដល់ផ្សះផ្សាជាតិ គេលម្អៀងទៅមួយជ្រុងទៅលើការកាត់ទោសខ្មែរក្រហម ប៉ុន្តែគេមិនបានគិតទៅដល់សន្តិភាពនោះទេ អ្វីដែលគួរឱ្យសោកស្តាយបានបង្កើតសង្គ្រាមនៅក្នុងប្រទេសរបស់យើង គេបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ប៉ុន្តែ អស់ពេលគេកាត់ទោសគេជំរុញឱ្យយើងកាត់ទោសដោយមិនគិតពីផលវិបាកនឹងកើតឡើងដោយការកាត់ទោសនេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា៖ «ខ្ញុំបានប្រាប់ទៅអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) យ៉ាងច្បាស់ៗថា ខ្ញុំសុខចិត្តឱ្យតុលាការនេះបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ។ ដូច្នេះ ត្រូវចងចាំថាការរួមចំណែករបស់បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្តីឬរហូតដល់អង្គការសហប្រជាជាតិក្តី កុំភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួន»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា ត្រូវបំពេញនូវស្តង់ដារ ប៉ុន្តែអ្វីទៅជាស្តង់ដារ នៅលើលោកិយ៍នេះ ស្តង់ដារមានតែនៅកីឡាតែប៉ុណ្ណោះ គ្មានទេនៅក្នុងនយោបាយ ហើយក៏គ្មានទេនៅក្នុងទិដ្ឋភាពផ្សេងៗ មានតែកីឡាមួយគត់ដែលមានស្តង់ដារពិតប្រាកដ ប៉ុន្តែនយោបាយគ្មានស្តង់ដារនោះទេ ពីប្រទេសមួយទៅប្រទេសមួយ មានរបៀបគ្រប់គ្រងខុសៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សន្តិភាពក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្សះផ្សាផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហម ទៅក្នុងសង្គមជាតិ ដោយផ្តោតសំខាន់ទៅលើសុខដុមមនុស្សជាតិ ជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហមដោយបានដាក់ចេញនូវគោលការណ៍នយោបាយចំនួន៣ គឺទី១៖ ការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ។ សមាសភាពទាំង៣នេះ គឺជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យសម្តេចមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបានទាំងស្រុង ដោយសន្តិវិធីដោយបច្ចុប្បន្ន៕