សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ ក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួប ឯកឧត្ដម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ទៅកាន់ប្រធានរដ្ឋសភាវៀតណាម ដោយវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមផងដែរ។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមសម្តេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្ដម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អដល់ការ ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។
សូមបញ្ជាក់ថា អង្គកឋិនទានបានធ្វើឡើងនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀតជាមហាគ្រួសារខ្មែរ។
ពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅវេលាព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា ដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត៕