សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់សង្គមទាំងអស់
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើការជំរុញសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សហវិជ្ជមាន អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ។
ការលើកឡើងបែបនេះរបស់សម្តេចបវរធិបវតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និងមោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការចេញចិត្តចំពោះកិច្ចប្រជុំលើកទី២ និងសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ ដែលបានបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិក ICAPP ដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ដើម្បីជំរុញសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សហវិជ្ជមាន អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បទពិសោធន៍របស់កម្ពុជាក្នុងសង្គ្រាម បានបង្រៀនឱ្យដឹងថា ជម្លោះមិនអាចបញ្ចប់បានឡើយ បើគ្មាន ការប្ដេជ្ញារួមគ្នា គ្មានការផ្សះផ្សារ។ សម្ដេចបវរធិបតី ក៏បានអំពាវនាវឱ្យមេដឹកនាំទាំងអស់រក្សាសន្តិភាព និងជឿជាក់ថា ICAPP ជាក្ដីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត។ សម្ដេចក៏សរសើរ ប្រធាន ICAPP ចំពោះការធានានិរន្តភាព ភាពរីកចម្រើន ភាពរស់រវើករបស់ ICAPP។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រាប់អ្នកចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ICAPP ថា កម្ពុជា ដែលរងគ្រោះព្រោះសង្គ្រាម បានប្រែក្លាយខ្លួនទៅជាប្រទេសដែលចូលរួមថែរក្សាសន្តិភាពតាមបណ្ដាប្រទេសក្នុងពិភពលោក។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ចំពោះបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយមកពីបណ្តាប្រទេសនានាថា នៅក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឡើងថា ការបង្រួបបង្រួមជាតិ និងសន្ដិភាពពេញលេញនៅចុងខែធ្នូ ឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ប្រកបដោយប្រសិទ្ធភាព ការកែទម្រង់ស៊ីជម្រៅ និងពេញលេញលើក្របខ័ណ្ឌច្បាប់, ស្ថាប័ន និងគោលនយោបាយ និងការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងសហគមន៍តំបន់ និងពិភពលោកឡើងវិញ ដែលបានអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕