ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់សតវត្សអាស៊ីរបស់ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើម របស់ ICAPP

8

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សតវត្សអាស៊ីរបស់អាយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) លើកទី១២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងទៅលើសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ «ពានរង្វាន់សតវត្សអាស៊ី ICAPP» ជូនដល់ថ្នាក់ដឹកនាំឆ្នើម របស់ ICAPP១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២៖ លោក José de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ៣៖ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ៤៖ ឯកឧត្តម Chung Eui-yong ៥៖ឯកឧត្តម Mushahid Hussain Sayed។

ពានរង្វាន់ដ៏មានកិត្យានុភាព គឺជាសក្ខីភាពមួយសម្រាប់ការទទួលស្គាល់ និងការគោរពចំពោះការចូល រួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើម ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែក នយោបាយ ក្នុងចំណោមសមាជិកជាគណបក្សនយោបាយ និងដៃគូរបស់ ICAPP មកពីជុំវិញពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន។

ការផ្តល់ពានរង្វាន់នេះជូនសម្តេចតេជោ ហ៊ុន សែន គឺជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់សម្តេច ក្នុងនាមជាស្ថាបត្យករ ជាប្រតិបត្តិករ និងជាអ្នកការពារសន្តិភាព មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់មនុស្សជាតិជារួមផងដែរ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជាងនេះទៅទៀត សម្តេចតេជោ មានបុរេសកម្មភាពយ៉ាងខ្លាំង ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុង ការចូលរួមស្វែងរកសន្តិភាពអន្តរជាតិ តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ការកសាងសហគមន៍អាស៊ី ការពង្រឹងតួនាទីស្នូលរបស់អាស៊ី ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅ គ្រប់ទិសទីនៃពិភពលោកក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ។

បទពិសោធនៃការកសាង និងសន្តិភាពដែលកំពុងរស់រាននៅកម្ពុជាមានតម្លៃមិនអាចកាត់ថ្លៃបាន មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកទាំងមូល ហើយត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសអង្គការអោយកាប់ (ICAPP) ផ្តល់តំលៃយ៉ាងធំធេង និងទទួលស្គាល់ថាជាគំរូសន្តិភាពរបស់ ពិភពលោក សម្រាប់យកមកសិក្សាស្វែងយល់ និងដកបទពិសោធ។ បន្ថែមពីនេះ សម្តេច ក៏បានបន្ដទៀតថា ពានរង្វាន់មួយនេះ ក៏បានទទួលស្គាល់ផងដែរនូវការលះបង់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ និងដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ ប្រជាជនកម្ពុជាក្នុងកសាង ពូនជ្រំ និងថែរក្សាសន្តិភាព។

ការផ្តល់ពានរង្វាន់នេះជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់ សម្តេចធិបតី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជាដ៏ឆ្នើមមួយរូប ប្រកបដោយសក្តានុពល ទាំងចំណេះដឹងនិងសមត្ថភាព ស្វាហាប់រស់រវើក ទំនួលខុសត្រូវខ្ពស់ មានប្រជាប្រិយភាពខ្លាំងក្លា និងបានលះបង់យកអស់កម្លាំងកាយចិត្ត ដឹកនាំប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងសូម្បីជីវិត សម្តេច ផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង